ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា បានចែកម៉ាស់ទៅដល់អ្នកកាសែតចំនួន ២៧ ស្ថាប័នផ្សេងគ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដោយអំណោយខាងលើទទួលបានពីក្រុមហ៊ុន TNAOT APP។
គួរបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន TNAOT APP បាននាំយកម៉ាស់ចំនួន ៣០០០ ទៅផ្តល់ជូនក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីចូលរួមកិច្ចការងារសង្គម ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្រោយពីទទួលបានអំណោយម៉ាស់ចំនួន ៣០០០ រួចមក ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ប៉ែន បូណា ជាប្រធាន បានយកម៉ាស់ទាំងនោះ ទៅចែកជូនអ្នកកាសែត ដែលមកពី ២៧ ស្ថាប័នផ្សេងគ្នា នៅទីស្នាក់ការក្លិបកាសែតកម្ពុជា ក្នុងគោលបំណងចូលរួមការពារពួកគាត់ ពីការឆ្លងមេរោគកូវីដ១៩ ដែលអ្នកកាសែតជាមនុស្សមានហានិភ័យខ្ពស់ជាងគេក្នុងការឆ្លងជំងឺនេះ ព្រោះពួកគេត្រូវចុះទៅយកព័ត៌មានគ្រប់ទីកន្លែង ជាពិសេសនៅកន្លែងមានអ្នកឆ្លងវីរុសខាងលើ។ ការចែកម៉ាស់ដល់អ្នកកាសែតនាពេលនេះ គឺជាការចែកជូនដ៏ល្អ និងចំពេលវេលាកំពុងត្រូវការជាចាំបាច់។
លោក ប៉ែន បូណា បានមានប្រសាសន៍ថា៖ “ក្នុងតួនាទីអ្នកសារព័ត៌មាន យើងត្រូវតែបន្ត អត់ដាក់ដៃទេ ក្នុងការផ្សព្វផ្សាយអំពីក្បួនអនាម័យ អំពីការពាក់ម៉ាស់ដល់ប្រជាពលរដ្ឋយើង ពីព្រោះឥឡូវប្រជាពលរដ្ឋយើងហាក់ដូចជាភ្លេចខ្លួនខ្លះហើយ ឃើញគាត់ចេញដើរពេញផ្លូវ គាត់នៅតាមហាងអីហ្នឹងមានមនុស្សអូអរឡើងវិញ នេះអាចជាបញ្ហាមួយ បើសិនពួកគាត់មិនអាចយកចិត្តទុកដាក់ខ្លាំងពីបញ្ហានេះ គាត់គិតថា អត់អីទេ អញ្ចឹងបងប្អូនអ្នកសារព័ត៌មានយើង មានតួរនាទីសំខាន់ណាស់ក្នុងផ្សព្វផ្សាយប្រាប់គាត់ថា ពួកយើងអត់ទាន់ឆ្លងផុតពីកូវីដ១៩ទេ ពួកយើងត្រូវមានការប្រុងប្រយ័ត្នមួយរយៈទៀតសិន”។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន TNAOT APP បានចូលរួមកិច្ចការងារសង្គម ដោយកន្លងមកក្រុមហ៊ុន ក៏បានចុះចែកអំណោយជា ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃជាដើម ជូនដល់បងប្អូន អ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីសម្រួលបន្ទុកពួកគាត់ ក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ១៩នេះ។ ក្រៅពីចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន TNAOT APP ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយជួយជាម៉ាស់ជាង ២ម៉ឺនម៉ាស់ ក្នុងពេលថ្មីនេះៗ ផងដែរ៕ ដោយ៖ តារា