សារព័ត៌មានជប៉ុន Asahi Shimbun បានផ្សាយថា ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យមួយក្រុម កាលពីសប្តាហ៍មុននេះឲ្យទៅកាន់កូរ៉េខាងជើង ហើយគេនៅមិនទាន់ដឹងច្បាស់ថា តើក្រុមគ្រូពេទ្យទាំងនោះ ទៅកូរ៉េខាងជើងដើម្បីធ្វើអ្វីខ្លះឡើយ ។
ប្រភពព័ត៌មាននេះបានផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបានប្រភពព័ត៌មានកូរ៉េខាងត្បូង Arirang ដកស្រង់ចុះផ្សាយបន្តថា ក្រុមវេជ្ជសាស្ត្រនោះមានអ្នកជំនាញៗប្រហែល៥០នាក់ មកពីមន្ទីរពេទ្យ ៣០១ របស់ចិនត្រូវបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៣ ខែមេសា ឬនៅថ្ងៃមុននោះ ។ ប្រភពបានដកស្រង់ព័ត៌មានពីមន្ត្រីមួយរូបនៃគណបក្សកុម្មុយនីស្តចិន ។
ប្រភពបានបញ្ជាក់ថា គេនៅមិនទាន់ច្បាស់ថា តើក្រុមគ្រូពេទ្យទាំងនោះត្រូវបញ្ជូនទៅដើម្បីពិនិត្យមើលសុខភាពរបស់លោកគីម ជុងអ៊ុន ឬយ៉ាងណានោះទេ ។
ទោះយ៉ាងណាក៏ដោយ តាមការកត់សម្គាល់ឃើញថា មនុស្សម្នាក់មិនចាំបាច់តម្រូវឲ្យគ្រូពេទ្យរាប់សិបនាក់ទៅព្យាបាលនោះទេ ។ ដូច្នេះ ប្រហែលជាអាចទៅរួចដែលថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងកំពុងរួមគ្នាធ្វើការដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតពីកូរ៉ូណាវីរុស្ស ឬកូវីដ១៩ (COVID-19)នោះ៕ ប្រែសម្រួលដោយ៖ thach yat