នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃបានប្រកាសថា កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ-១៩ (COVID-19) នៅក្នុងប្រទេសនេះ ត្រូវបានកត់ត្រាថ្មីចំនួន១៥ករណីប៉ុណ្ណោះ ហើយពុំមានករណីថ្មីស្លាប់ដោយសារជំងឺនេះឡើយ ។ ចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមក ប្រទេសនេះ ឆ្លងកូវីដ១៩ កើនឡើង ២ ៩២២នាក់ ក្នុងនោះ៥១នាក់បានបាត់បង់ជីវិត ។
ប្រភពរ៉យទ័របានផ្សាយថា ក្នុងចំណោមករណីថ្មីនៅប្រទេសថៃ, បួនករណីឆ្លងមកពីប្រភពអ្នកឆ្លងកូវីដ១៩ពីមុនៗ, ៤ករណី ឆ្លងមិនដឹងមកពីប្រភពខាងណា ខណៈ៥ករណីថ្មីទៀត ឆ្លងមកពីប្រភពខាងក្រៅ ដែលកំពុងត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែកពីគេឯងនោះ ។
ប្រភពបន្តថា ចំណែក២ករណីផ្សេងទៀត ឆ្លងនៅខេត្តភាគខាងត្បូងរបស់ថៃ ខេត្តយ៉ាឡា ។ អាជ្ញាធរក្នុងតំបន់បង្កើនសកម្មភាពធ្វើតេស្តវីរុសទៅលើប្រជាជនរស់នៅក្នុងតំបន់នោះជាខ្លាំង ដោយអាស្រ័យថា អត្រាឆ្លងមានចំនួនច្រើន ។ នេះបើតាមលោក Taweesin Wisanuyothin អ្នកនាំពាក្យរដ្ឋបាលប្រឆាំងកូវីដ១៩ របស់រដ្ឋាភិបាល ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងកូវីដទាំងអស់នៅក្នុងប្រទេសថៃ, អ្នកជំងឺ ២ ៥៩៤ នាក់បានជាសះស្បើយវិលត្រឡប់ទៅផ្ទះ ៕ ប្រែសម្រួលដោយ៖ thach yat