បក្សប្រឆាំងអាល្លឺម៉ង់ថា រដ្ឋាភិបាលបំផ្លើសអំពីហានិភ័យពីវីរុស ហើយអំពាវនាវឲ្យបើកដំណើរការពាណិជ្ជកម្មជាបន្ទាន់
កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនបាតុករច្រើននាក់ ដែលនាំគ្នាបាតុកម្មប្រឆាំងការចាក់សោ ឬបិទប្រទេស ដែលជាវិធានការមួយរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ-១៩ (COVID-19)នោះ ។
មនុស្សប្រហែល១ ០០០នាក់បានប្រមូលគ្នាធ្វើបាតុកម្ម ហើយក្លាយជាព្រឹត្តិការណ៍ប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីប្រទេសអាល្លឺម៉ង់ ។
ក្រុមបាតុកម្មទាំងនេះ រួមមានទាំងអ្នកគាំទ្រខាងក្រុមនយោបាយនិយមឆ្វេង, ក្រុមនយោបាយស្តាំនិយម ព្រមទាំងក្រុមនយោបាយដទៃផ្សេងទៀត ក៏ចូលរួមផងដែរ ។
ប៉ូលិសបានដាក់បារ៉ាស់នៅជុំវិញទីលាន Rosa Luxemburg នាំឲ្យក្រុមបាតុករទាំងនោះមកជួបជុំគ្នានៅតាមដងផ្លូវក្បែរទីលាននោះវិញ ។
ប៉ូលិសថា បាតុកម្មនេះ មិនស្របទៅតាមច្បាប់ ដែលកំពុងកំហិតដើម្បីការពារការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។ ប៉ូលិសស្នើឲ្យអ្នកជួបជុំទាំងនោះបំបែកខ្លួន ។ មនុស្សជាង២០នាក់ត្រូវចាប់ខ្លួន ។
គួរបញ្ជាក់ថា ការប្រឆាំងទៅលើវិធានការចាក់សោ ឬបិទប្រទេសនេះធ្វើឡើងដំបូងគេដោយគណបក្សប្រឆាំង គឺក្រុមនយោបាយស្តាំនិយម ដែលជាក្រុមប្រឆាំងដ៏សំខាន់ក្នុងសភាអាល្លឺម៉ង់ ។
បក្សប្រឆាំង (AfD) អាល្លឺម៉ង់បានហៅរដ្ឋាភិបាលថាបំផ្លើសអំពីហានិភ័យពីវីរុស ហើយអំពាវនាវឲ្យបើកដំណើរការពាណិជ្ជកម្មជាបន្ទាន់ ។
គួរជម្រាប់ជូនថា នៅអាល្លឺម៉ង់ គិតមកត្រឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ របស់ប្រភព wikipedia អះអាងថា មានអ្នកឆ្លងកូវីដ ១៩ សរុប ១៥៦ ៥១៣ នាក់ ក្នុងនោះបាត់បង់ជីវិត ៥ ៨៧៧ នាក់ និង ១០០ ១២៩ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat