ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវេជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី។ នេះបើតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា ទោះបីមកទល់ថ្ងៃទី២៦ មេសានេះ មិនមានអ្នកកើតរោគកូវីដ១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកើនឡើងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។
សម្តេចតេជោបញ្ជាក់ថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជេលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគ អោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕ ដោយ៖ ប៊ុនធឿន