លោកគីម ជុងអ៊ុន ផ្ញើសារជូនក្រុមកម្មករសំណង់ ចំពេលរាយការណ៍ថា រថភ្លើងរបស់លោក ទៅកាន់រមណីយដ្ឋានឈូងសមុទ្រ
ពាក្យចរចាមអារ៉ាមអំពីមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន កំពុងនៅទីណា និងមានបញ្ហាសុខភាពយ៉ាងណានោះ ត្រូវបានគេគ្រប់គ្នាលើកឡើងមកជជែកវែកញែក ។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហាក់ដូចជាមិនស្ថិតនៅក្នុងចំណុចនៃបញ្ហាសុខភាពនោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំ គីម បានលើកសរសើរដល់ក្រុមកម្មករកម្មសំណង់ ដែលស្ថិតនៅក្នុងគម្រោងសាងសង់ដ៏ធំមួយ ។
យោងតាមការចេញផ្សាយប្រភពព័ត៌មាន Rodong Sinmun របស់រដ្ឋកូរ៉េខាងជើងបានបញ្ជាក់ថា មេដឹកនាំ គីម បានផ្ញើលិខិតជូនបុគ្គលិកកម្មករសំណង់ទាំងឡាយ ដែលកំពុងធ្វើការនៅទីក្រុង Samjiyon ។ កម្មករទាំងនោះកំពុងធ្វើការនៅក្នុងគម្រោងដ៏ធំមួយ ដែលជាមហិច្ឆតាអភិវឌ្ឍន៍របស់ប្រទេសឯកោមួយនេះ ។
ប្រព័ន្ធផ្សព្វផ្សាយនេះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា មេដឹកនាំគីម «បានផ្ញើលិខិតអរគុណ» ទៅដល់កម្មករទាំងអស់ពាក់ព័ន្ធនៅក្នុងការសាងសង់ឡើងវិញ នូវអ្វីដែលត្រូវបានហៅថា ជា «ភូមិសង្គមនិយមដ៏អស្ចារ្យ» ដោយមេដឹកនាំកូរ៉េខាងជើងផ្ទាល់ ។ ទីក្រុងនេះ ជាទីកន្លែងកំណើតឪពុករបស់លោកគីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ។ អគារសំណង់នៅទីនោះ ការស្ថាបនាជិតរួចរាល់ហើយៗនឹងត្រូវប្រែក្លាយទៅជាទីក្រុងគំរូមួយ ដែលមានស្ថានីយរថភ្លើង, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងអគ្គិសនីជាច្រើន ព្រមទាំងអគារថ្មីៗរាប់រយបានសាងសង់ឡើង។
គម្រោង «ភូមិសង្គមនិយមដ៏អស្ចារ្យ»នោះ ស្ថិតនៅចង្កេះភ្នំ Mount Paektu របស់កូរ៉េខាងជើង ជាភ្នំដ៏ស័ក្តិសិទ្ធិ ហើយដែលគេធ្លាប់ឃើញលោក គីម ទៅកាន់ទីនោះញឹកញាប់អំឡុងឆ្នាំថ្មីៗនេះ ។ កាលពីដើមខែធ្នូ ឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងជើងបានសម្ពោធជាផ្លូវការ ការជួសជុលទីក្រុងមួយនេះឡើងវិញ ក្នុងពិធីមួយធ្វើឡើងយ៉ាងអធិកអធម។
ក្រុមស្រាវជ្រាវអំពីកូរ៉េខាងជើង 38 North ស្រាវជ្រាវតាមរូបភាពផ្កាយរណបឃើញថា រថភ្លើងកំពុងស្ថិតនៅក្នុងទីក្រុង Wonsan ដែលយ៉ាងហោះណាស់តាំងពីថ្ងៃទី២១ ខែមេសា ។ ទោះបីយ៉ាងណាប្រភពនេះមិនអាចបញ្ជាក់អំពីស្ថានភាពសុខភាពរបស់លោកគីម នោះឡើយ ។
ភ្នាក់ងារស៊ីអិនអិន Will Ripley បានបញ្ជាក់ថា «នេះមិនអាចបញ្ជាក់ថា ពិត ឬមិនពិតអំពីសុខភាពរបស់មេដឹកនាំគីម នោះទេ ។ ប៉ុន្តែអាស្រ័យលើស្ថានការនេះ, លោក គីម ជាធម្មតាហោះហើរទៅកាន់ទីក្រុង Wonsan ។ ការធ្វើដំណើរតាមរថភ្លើង គឺជាការធ្វើដំណើរផ្លូវការនិងជាឧឡារិក» ។
ការប៉ាន់ស្មានមិនច្បាស់លាស់អំពីស្ថានភាពសុខភាពរបស់មេដឹកនាំគីម នេះ គឺរិតតែស្ងាត់ស្ងៀមបន្ថែមទៀតនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅតែបន្តមិនផ្សព្វផ្សាយ ឬច្រានចោលចំពោះការលើកឡើងរបស់ប្រភពពីខាងក្រៅ ។ ប្រភពព័ត៌មានខាងក្រៅពីកូរ៉េខាងជើង ថ្មីៗនេះបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្រោយពីការវះកាត់ជំងឺសរសៃឈាមបេះដូង ៕ ប្រែសម្រួលដោយៈ thach yat