ភ្នំពេញះ យុវជនម្នាក់បានស្លាប់ ក្រោយយបញ្ជូនទៅមន្ទីពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតប៉ះទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាល កាលពីវេលាម៉ោង ១២និង ២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងតាមដងមហាវិថី សហព័ន្ធរុស្ស៊ីទិសដៅពីលិចមកកើតក្នុង ល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅប៉ះ របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលេឲ្យ ដួលម៉ូតូអូសជិត៥០ ម៉ែត្របោកក្បាលទៅនឹងថ្នល់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ។
តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅភូមិត្រាប់ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1lI.8050។
បើតាមសម្តីប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា បងប្រុសរបស់គាត់បានមកលេងគាត់នៅព្រែកទារ មានការជួបជុំគ្នាផឹកស៊ី រួចហើយក៏បានចេញពីផ្ទះគាត់ក្នុងគោលបំណងទៅបន្ទប់ជួលនៅ ទួលសង្កែស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បែបនេះទៅវិញ។
សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការ វាស់វែងប្រគល់ម៉ូតូ និងសពជនរងគ្រោះទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ៖ ផេង ភាព