រដ្ឋអាជ្ញាអាមេរិកបានប្រកាសថា បុរសអាយុ៣៦ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋតិចសាស់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ ពីបទគំរាមកំហែងធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
ប្រភពបញ្ជាក់ថា ជនល្មើស ឈ្មោះ Mickael Gedlu ត្រូវកាត់ទោសកាលពីថ្ងៃទី២៤ ខែមេសា ។ អគ្គគណៈមេធាវីអាមេរិកប្រចាំនៅទីក្រុងDallas ប្រកាសបែបនេះ ។ តុលាការរកឃើញជននេះប្រព្រឹត្តកំហុសនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ដែលជាការគំរាមកំហែងធ្វើឃាតលោក ត្រាំ ។
បើតាមឯកសារសារភាពរបស់ជនជាប់ចោទ, Gedlu បានទទួលស្គាល់ថា បានគំរាមកំហែងយកជីវិតលោក ត្រាំ ប្រាកដមែន ។ ការគំរាមកំហែងធ្វើឡើងតាមបណ្តាញសង្គមយូធូប «ខ្ញុំកំពុងរង់ចាំលោក ត្រាំ ធ្វើដំណើរមកកាន់ទីក្រុង Dallas មុនពេលខ្ញុំធ្វើឃាតគាត់»។
រដ្ឋអាជ្ញាបាននិយាយថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨, ឈ្មោះ Gedlu ត្រូវបានសង្កេតឃើញថា បានឆ្លងកាត់ពីផ្លូវទៅកាន់សណ្ឋាគារ Adolphus ទីក្រុង Dallas មុនពេលលោកដូណាល់ ត្រាំបានមកដល់ ដើម្បីរៃអង្គាសប្រាក់ ។ មន្ត្រីប៉ូលិសទីក្រុង Dallas បានកត់សម្គាល់ថា Gedlu មានសញ្ញាសកម្មភាព«សម្លាប់លោកប្រធានាធិបតីត្រាំ» ហើយក៏បានចាប់ខ្លួនគាត់ ខណៈដែលជននេះស្រែកថា «សម្លាប់លោកប្រធានាធិបតី»។
រដ្ឋអាជ្ញាបានបញ្ជាក់ថា ក្រុមសម្ងាត់អាមេរិកបានស៊ើបអង្កេតដោយជំនួយពីប៉ូលិសទីក្រុង Dallas ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat