ការផ្សាយរបស់ប្រភពព័ត៌មាន bbc នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា របាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា មនុស្សជាង២០០ ០០០ ក្នុងចំណោមអ្នកផ្ទុកកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) នៅជុំវិញពិភពលោកបានបាត់បង់ជីវិត ។
ប្រភពបានបន្តថា មនុស្សសរុបជាង ២,៨ លាននាក់ បានឆ្លងវីរុសកូវីដ១៩នេះ (ទិន្នន័យសរុបទូទាំងពិភពលោក)។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានផ្សាយដំបូងគេចំពោះអ្នកបាត់បង់ជីវិតដោយសារតែវីរុសនេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។ រហូតមកដល់ពេលនេះ ប្រទេសជាង២១០ និងដែនដីត្រូវបានវីរុសនេះឆ្លងរាតត្បាត ។
ប្រទេសចំនួន៥ត្រូវកត់ត្រាថា មានអ្នកស្លាប់សរុបលើសពី ២០ ០០០ នាក់ បើទោះវីធីសាស្ត្រក្នុងការរាប់ចំនួន មានការខុសៗគ្នាក៏ដោយ ។
អាមេរិក, អ៊ីតាលី និងអេស្ប៉ាញមានរាយការណ៍អំពីករណីបាត់បង់ជីវិតច្រើនជាងគេបំផុត ។ ក្រសួងសុខាភិបាអង់គ្លេសកាលពីថ្ងៃទី២៥ ខែមេសា បានប្រកាសថា មនុស្សជាង ២០ ០០០ នាក់បានស្លាប់មកទល់ពេលនេះនៅតាមមន្ទីរពេទ្យក្នុងប្រទេសចក្រភពអង់គ្លេស ។
នៅប្រទេសបារាំង ចាប់ពីខែមីនា ឆ្នាំ២០២០ មក អ្នកស្លាប់ កើនឡើង ២២ ៦១៤នាក់ ។ ប៉ុន្តែមន្ត្រីសុខាភិបាលបារាំងអះអាងថា អត្រាមរណៈធ្លាក់ចុះ ជាពិសេសអ្នកជំងឺស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ធ្លាក់ចុះ៧ថ្ងៃជាប់គ្នា ។
គេហទំព័រ worldometers នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានផ្សាយថា អ្នកផ្ទុកវីរុសកូវីដ១៩ ជុំវិញពិភពលោក មានសរុបចំនួន ២ ៩១៧ ៥៥២ នាក់ ក្នុងនោះ ៨៣៤ ៥២៥ នាក់ បានជាសះស្បើយពីជំងឺនេះ ។
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយ គឺមិនអាចធានាការពារបានពីការឆ្លងសារជាថ្មីទៀតនោះបានឡើយ ។
អភិបាលរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក Andrew Cuomo បានថ្លែងថា នឹងអនុញ្ញាតឲ្យក្រុមវេជ្ជសាស្ត្រឯករាជ្យធ្វើតេស្តសាកល្បងវាក់សាំងប្រឆាំងកូវីដ១៩ ។ លោកថា នឹងពង្រីកការពិនិត្យ អង់ទិករ នៅមន្ទីរពេទ្យចំនួនបួន ។
គួរលើកយកមកជម្រាបជូនថា វីរុសកូវីដ១៩នេះ ត្រូវបានផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។ អង្គការសុខភាពពិភពលោកថា រហូតមកដល់ពេលនេះមិនទាន់មានជាក់លាក់អំពីថ្នាំព្យាបាល ឬវាក់សាំងបង្ការប្រឆាំងកូវីដ១៩នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat