ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់បានឆ្លងវីរុសកូរ៉ូណាក្នុងចំណោមករណីថ្មីចំនួន ៤ករណីនៅភូកេតដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងខេត្តសរុបកើនឡើងដល់ ២០១ករណី។
រូបតំណាង
ក្រុមអ្នករាយការណ៍អាសន្នប្រចាំខេត្តបានរាយការណ៍កាលពីថ្ងៃសុក្រថា អ្នកឆ្លងវីរុសចំនួនបួននាក់ថ្មីនេះត្រូវបានរកឃើញនៅក្នុងតំបន់Bangtao នៃស្រុក Thalang។ អ្នកជំងឺទី១៩៨ គឺក្មេងប្រុសម្នាក់អាយុ ២ឆ្នាំដែលបានទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកឆ្លងចំនួនបីនាក់ដែលបានបញ្ជាក់ពីលើកមុនគឺអ្នកជំងឺទី១៩៤ ១៩៥ និង១៩៦ នៅតំបន់ Bangtao ឃុំ tambon Choeng Thalae ក្នុងស្រុក Thalang ។ ក្មេងប្រុសនេះមិនមានរោគសញ្ញាអ្វីទេប៉ុន្តែបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានេះ។ អ្នកជំងឺទី១៩៩ ជាអ្នកលក់ដូរអាយុ ៤១ឆ្នាំនៅផ្សារចុងសប្តាហ៍( weekend market)។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺទី១៧១ និងទី១៨៣។ គាត់រស់នៅក្នុងតំបន់ Bangtao ហើយធ្លាក់ខ្លួនឈឺនៅថ្ងៃទី២០ ខែមេសា។ អ្នកជំងឺទី២០០ ជាគ្រូបង្រៀន ភេទស្រី អាយុ ២៦ឆ្នាំ។ គាត់បានធ្វើការនៅកន្លែងតែមួយជាមួយអ្នកជំងឺទី១៩៥ ហើយបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី១២ ខែមេសា។ អ្នកជំងឺទី២០១ ភេទប្រុស អាយុ ៤០ឆ្នាំជាអ្នកលក់ដូរនៅផ្សារចុងសប្តាហ៍(weekend market)។ គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺទី១៧១ និង១៨៣។ គាត់រស់នៅក្នុងតំបន់ Bangtao ហើយបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២២ ខែមេសា។
ចាប់តាំងពីថ្ងៃទី៥ ខែមករាដល់ថ្ងៃទី២៣ ខែមេសាចំនួនអ្នកឆ្លងវីរុសសរុបមានចំនួន ២០១នាក់ ដែលក្នុងនោះមាន ១៥៣ នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ គណៈកម្មាធិការខេត្តបានរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ បច្ចុប្បន្នមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៤៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយក្នុងនោះមាន ៤នាក់ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post