ក្លិបមេឃខៀវ Manchester City កំពុងរៀបចំសំណើផ្ទេរយកខ្សែបម្រើ Houssem Aouar របស់ក្លិប Lyon នៅរដូវក្តៅនេះ ហើយគ្រោងនឹងចរចាជាមួយប្រធានក្លិបនេះនៅប៉ុន្មានសប្តាហ៍ខាងមុខ។
ក្លិប Man City បានចាប់អារម្មណ៍មកលើខ្សែបម្រើរូបនេះយ៉ាងខ្លាំង ក្រោយរូបគេបានបង្ហាញខ្លួនឱ្យ Lyon បាន ២៥ប្រកួត រកបាន ៣គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៣លើក ផងដែរ។
ម្ចាស់ក្លិបជើងឯកក្របខ័ណ្ឌ Premier League ៤សម័យកាលខាងលើ កំពុងចង់ពង្រឹងតំបន់បម្រើបន្ថែម ក្រោយខ្សែបម្រើវ័យជ្រេ David Silva ត្រៀមចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់គេជាមួយ Man City ត្រូវអស់សុពលភាពនៅឆ្នាំនេះ។
យ៉ាងណាមិញ ក្លិប Man City ក៏ត្រៀមផ្តល់កញ្ចប់ទឹកប្រាក់ចំនួន ៥០លានផោន ឱ្យទៅ Lyon ដើម្បីប្រជែងជាមួយក្លិបសេះបង្កង់ Juventus ដែលកំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Aouar ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ fotmob