ក្នុងរយ:ពេលប្រហែល១សប្ដាហ៍កន្លងមកនេះ នៅក្នុងប្រទេសវៀតណាម មិនមានករណីឆ្លងកូវីដ១៩នោះទេ ប៉ុន្ដែទើបតែពីល្ងាច ថ្ងៃទី២៤ ខែមេសា មានការឆ្លងថ្មី២ចំនួន២ករណី ហើយ អ្នកឆ្លងចុងក្រោយនេះជានិស្សិតមកពីប្រទេសជប៉ុន។
យោងតាមរបាយការណ៍ចេញពីគណ:កម្មាធិការជាតិបង្ការ និងគ្រប់គ្រងកូវីដ១៩របស់វៀតណាម ចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លង ចំនួន២៧០នាក់ ប៉ុន្ដែមិនមានករណីស្លាប់ដោយសារកូវីដ១៩នោះទេ។
យោងតាមសារព័ត៌មានវៀតណាម Vietnamplus បានផ្សាយថា កាលពីល្ងាច ថ្ងៃទី២៤ ខែ មេសា មានករណីថ្មីចំនួន២ ត្រូវបានរកឃើញទៅលើនិស្សិតពីរនាក់ត្រឡប់ មកពី ប្រទេស ជប៉ុន។ រីឯពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ បច្ចុប្បន្ន នៅក្នុងប្រទេសវៀតណាម មានមនុស្ស ៦៨ ៨៩០នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងតាមដានពីស្ថានភាពសុខភាពរបស់ពួកគេ។
វៀតណាម ត្រូវបានមេដឹកនាំ នៃបណ្ដាប្រទេសដទៃទៀត កោតសរសើរពីការទប់ស្កាត់ការឆ្លងរីករាលដាល នៃកូវីដ១៩ បានល្អជាងបណ្ដាប្រទេសនានា ក្នុងតំបន់។ ប៉ុន្ដែប្រសិនបើវៀតណាម មិនមានវិធានការល្អទេនោះ គឺប្រទេសវៀតណាមអាចនឹងមានអ្នកឆ្លងច្រើន ព្រោះវៀតណាមមានព្រំដែនជាប់ជាមួយនឹងប្រទេសចិន ជាទីផ្ទុះឡើង នៃកូវីដ១៩៕ ប្រែសម្រួល ដោយ Nuon