Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នក​ជំនាញ​សុខាភិបាល និង​ស៊ីវិល បារម្ភ​កាន់​តែ​ខ្លាំង បើ​ពលរដ្ឋ​មើល​ស្រាល​ស្ថានការណ៍​កូវីដ ១៩

ភ្នំពេញ៖ បើ​ទោះ​ជា​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា កំពុង​បង្ហាញ​ភាព​ធូរស្រាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្តី ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ ពិសេស​រាជរដ្ឋាភិបាល​នៅ​តែ​បង្ហាញ​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង ពី​ករណី​អាច​នឹង​ផ្ទុះ​ឡើង​ជាថ្មី ឬ​ខ្លាំង​ជា​មុន ពី​ការ​រាតត្បាត​វីរុស​កំណាច​នេះ​ក្នុង​សហគមន៍​ពលរដ្ឋ​ខ្មែរ។

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍ ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា បើ​មើល​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង ហាក់​មាន​ការ​ធូ​​រស្រាល​ខ្លាំង​មែន​ទែន ដោយ១៣​ថ្ងៃ​ចុង​ក្រោយ ក្រសួង​សុខាភិបាល មិន​បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មីនេះ​ឡើយ ខណៈ​អត្រា​ជាសះស្បើយ​ពី​ជំងឺ កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់។

គិត​មិន​ទល់​នឹង​ពេល​នេះ ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ សរុបនៅ​កម្ពុជា ត្រូវ​គេ​រក​ឃើញ​មាន​សរុប ១២២ករណី ក្នុង​នោះ ១១៧​ករណី​បាន​ជា​សះស្បើយ ៥ករណី​ផ្សេង​ទៀត កំពុង​តែ​មាន​ស្ថាន​ភាព​សុខភាព​ធូរ​ស្រាល​ជាបន្តបន្ទាប់ ខណៈ​តាម​ការ​អះអាង​ពី​ក្រុម​គ្រូពេទ្យ​ជួយ​មុខ ក៏​ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល ការ​ធ្វើ​តេស្ត​លើ​ពលរដ្ឋ​សង្ស័យ​មាន​ផ្ទុក​កូវីដ ១៩ នៅ​តែ​បន្ត​ធ្វើ​ឡើង ដោយ​ផ្តោត​សំខាន់​ពេល​នេះ លើ​បងប្អូន​កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក​ទៅ​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​នា​ស្រុក​កំណើត​កន្លង​មក ដោយ​ចំនួនធ្វើ​តេស្ត​សរុប​ទូទាំង​ប្រទេស​គឺ​ច្រើន​ជាង ១ម៉ឺន​ករណី​ទៅ​ហើយ។

ទោះ​ជា​ស្ថានភាព​ធូរស្រាល​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​រដ្ឋាភិបាល​ពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​តែ​អំពាវ​នាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ទួទាំង​ប្រទស ម្តងហើយ​ម្តង​ទៀត ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេដង កុំ​មើល​ងាយស្ថានការណ៍ គិត​ថា​កម្ពុជា​មិន​អីឲ្យ​សោះ។

ក្តី​បារម្ភ​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​ជំនាញ ហាក់​កើន​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​សារ​មើល​ឃើញ​ច្បាស់​នៅ​សកម្មភាព​ពលរដ្ឋ​តាម​បណ្តា​ទីក្រុង ខេត្ត ទី​ប្រជុំជន ហាក់​ប្រែ​ពី​ភាព​ស្ងប់​ស្ងាត់ ទៅ​ជា​មមាញឹក​ឡើង​វិញ ដូចទិដ្ឋភាព​មុន​មាន​ការ​ផ្ទុះ​វីរុស​កូវីដ ១៩ អ៊ីចឹងដែរ។

កន្លែង​មួយ​ចំនួន​ដែល​ត្រូវ​អ្នក​ជំនាញ​ចាត់​ទុក​អាច​នាំ​ឲ្យ​មាន​អត្រា​ចម្លង​ខ្ពស់​ដូច​ជា សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ ហាង​បាយ បាយគុយទាវ បែរ​ជា​ប្រែ​មក​រក​ទិដ្ឋ​ភាព​កកកុញ ខណៈ​ចរាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ក៏​មមាញឹក កកស្ទះ ឡើង​វិញ​ដូច​គ្នា។

ក្រោម​ទិដ្ឋ​ភាព​នេះ ក្រុម​អ្នក​ជំនាញ​ជា​ច្រើន ក៏កំពុង​បង្ហាញ​ពី​ក្តី​បារម្ភ​ស្រដៀង​គ្នា ពាក់​ព័ន្ធ​ស្ថានភាព​ជំងឺកូវីដ ១៩ នៅ​កម្ពុជា បើ​ទោះ​ជា​ស្ងប់ស្ងាត់​ក្តី ដោយ​អះអាង ស្ថាន​ភាព​កាន់​តែ​ស្ងប់​ស្ងាត់ ហានិភ័យ​នឹង​កាន់​តែ​ខ្ពស់ ព្រោះ​នៅ​ពេល​ដែល​ពលរដ្ឋ​លែង​ប្រុង​ប្រយ័ត្ន​ពី​ការ​​ឆ្លង​រាល​ដាល មិន​សូវ​ការពារ​ខ្លួន វា​នឹង​ផ្តល់​ឱកាស​អាច​នាំ​ឲ្យ​ជំងឺ​កូរ៉ូណា​កំណាច​ដែល​សម្លាប់​មនុស្ស​រាប់​សែន​នាក់​ជុំ​វិញ​ពិភពលោក ផ្ទុះ​ឡើង​ក្នុង​សហគមន៍​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បាន និង​ជាកត្តា​ហានិភ័យ​ខ្ពស់​បំផុត​មួយ អាច​ទាញ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​បទ​ពិសោធន៍ដ៏​ឈឺ​ចាប់​ដែល​ធ្លាប់​កើត​លើ​បណ្តា​​ប្រជាជាតិ​នៅ​អឺរ៉ុប ក៏​ដូច​ជាសហរដ្ឋអាមេរិក​ជាដើម​នោះ។

“បើពលរដ្ឋ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ទេនោះ វា​នឹង​ក្លាយ​ជា​កត្តា​នាំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​លឿន​បំផុត”។ នេះ​បើ​តាម​ការ​អះអាង​ពីសំណាក់​លោក ពុយ គា អគ្គលេខា​ធិការ​នៃ​ក្លិប​អ្នក​កាសែត​កម្ពុជា។ លោកថា មូលហេតុ​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក អឺរ៉ុប មាន​ចំនួន​អ្នក​ស្លាប់ និង​ឆ្លង​កើន​ឡើង​ខ្លាំង​បំផុត​លើ​ពិភពលោក ចំណុច​សំខាន់​នោះ ត្រង់​ថា​ប្រទេស​ទាំង​នោះ ជា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លាំងក្លា នាំ​ឲ្យ​ពលរដ្ឋ​រឹងរូស អះ​អាង​ប្រើ​សិទ្ធ​របស់​ខ្លួន ប្រឆាំង​ទៅ​នឹង​ការ​ណែនាំ​របស់​រដ្ឋាភិបាល នាំ​ឲ្យ​បង្ក​មហន្តរាយ​ដូច​ពេល​នេះ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី ម៉ី សនសុធារី អ្នកព័ត៌មាន​ជើងចាស់ និង​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ក្នុង​សង្គម​យុវវ័យ​កម្ពុជា ក៏​បាន​ព្រមាន​ដែរ​ថា អ្វី​ដែល​យុវវ័យ និងសាធារណជន​ត្រូវ​យល់ គឺ​មេរោគ​កំណាច​នេះ នៅតែឆ្លង និង​មាន​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​មនុស្ស​គ្រប់​វ័យ មិនមែន​សម្រាប់​តែ​មនុស្ស​ចាស់ ឬក្រុម​មនុស្ស​ស្ថិត​ក្នុង​វ័យ​ណា​មួយ​នោះ​ឡើយ។

អ្នក​ស្រី​បន្ត​ថា រក្សា​គម្លាត​សង្គម ថែ​ទំាអនាម័យ ពាក់ម៉ាស់​រាល់​ពេល​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស មិន​មែន ជា​រឿង​អតីត​កាល​យើង​ត្រូវ​បំភ្លេច​នោះ​ទេ វា​នៅ​តែ​ជា​រឿង​បច្ចុប្បន្ន​យើង​ត្រូវ​ធ្វើ និង​បន្ត​ធ្វើ​រហូត ទម្រាំដល់ពេល​ពិភពលោក​មាន​វ៉ាក់សាំងការ​ពារ​ផ្លូវ​ការ និង​ប្រសិទ្ធភាព​ពិតប្រាកដ​សិន​ទៀត ទើប​គិត​ចាំ​ជាថ្មី ពិសេស​ការ​ពិចារណា​ដក​ចេញ​វិធាន​ការ​គម្លាត​សង្គម​ចេញ។

ម្ចាស់​ប្រលោមលោក ក៏ដូច​ជាសៀវភៅ​អប់រំ​បែប​ផែន​ជីវិត​រូប​នេះ ក៏​បានក្រើន​រំឮកទៅ​កាន់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់ “កូរ៉ូណា​មិនមែន​ជា​រឿង​លេង​សើច ហើយ​ការ​ធ្វេស​ប្រហែស ក៏​មិន​មែន​ប៉ះពាល់​ដល់​ជីវិត យើង​តែ​ម្នាក់​ឯង​ដែរ វា​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ មិត្តភ័ក្តិ​យើង ធ្លាក់​ចូល​ក្នុង​គ្រោះ​ថ្នាក់​ដូច​គ្នា!”។

បើ​ក្រឡេក​ទៅ​មើល​ក្រសួងសុខាភិបាល​កម្ពុជា​ឯណេះ​វិញ នៅ​កំពុង​ព្យាយាម​ពន្យល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​រក្សា​អនុវត្ត​វិធានការការពារ​បន្ត​ទៀត ដើម្បី​ប្រាកដ​ថា សុខភាព​យើង គ្រួសារ​យើង សហគមន៍​យើង អាច​ចៀស​ឆ្ងាយ​ពី​ការ​ឆ្លង​វីរុស​កូវីដ ១៩។

លោក​ស្រី យក់ សម្បត្តិ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល ធ្លាប់​បាន​លើក​ឡើង​ថា “ពលរដ្ឋ​មេត្តា​កុំភ្លេចខ្លួន ឬ​ធ្វេស​ប្រហែស​ឲ្យ​សោះ បើ​ទោះ​បីជាង ១០​ថ្ងៃ​ជាប់ៗ​គ្នា កម្ពុជា​ពុំ​មាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ មួយករណី​ថ្មី​ក៏​ដោយ។

“បង​ប្អូន​ពលរដ្ឋ​យើង​មួយ​ចំនួន ហាក់​ភ្លេច​ខ្លួន ដោយ​មាន​អ្នក​ខ្លះ រហូត​ដល់​មាន​ការ​រាប់​ថយ​ក្រោយ​ករណី​ជំងឺ​កូវីដ ១៩ ដែល​ការ​ធ្វើ​នេះ​គឺ​ពុំ​ត្រឹម​ត្រូវ​ទេ”។ នេះ​ជា​ការ​អះអាង​ពី​លោក​ស្រី យក់ សម្បត្តិ ខណៈ​លោកស្រី​បន្ថែម​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ហាក់​កំពុង​ប្រលែង​លេង​ជា​មួយ​ជំងឺ​កំណាច​របស់​ពិភពលោក​មួយ​នេះ។

គិតត្រឹម​ព្រឹក​ថ្ងៃ​សោរ៍ ទី ២៥ មេសា ពិភព​លោក​ទាំង​មូល​មាន​ឆ្លង​ករណី​កូវីដ ១៩ សរុបដល់​ទៅ ប្រមាណ​ជាង ២,៨លាន​នាក់ ក្នុង​នោះ​ជិត ២សែន​នាក់ បាន​ស្លាប់ ហើយ​ប្រទេស​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត មាន​អាមេរិក អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និង​ចក្រភពអង់គ្លេស គេ​មើល​ឃើញ​ថា ការរាត្បាត​យ៉ាង​គំហុគ គឺ​ដោយ​សារ​តែ​ពលរដ្ឋ​ភាគ​ច្រើន​មើល​ងាយ​ស្ថាន​ការ។

ដោយ​ឃើញ​បទ​ពិសោធ​នេះ អង្គការ​សុខភាព​ពិភពលោក WHO បានក្រើន​រំឮក​ជាថ្មី ឲ្យ​​ពលរដ្ឋ​កម្ពុជា បន្ត​ការ​​យក​ចិត្ត​ទុក​ដាក់ កុំ​ដើរ​ហួស​បន្ទាត់​ក្រហម សម្រាប់​ការ​បង្ការ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ១៩។ ដោយ​ឃើញ​​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ​តែ​បន្ត​រាតត្បាត​ បើ​សិន​មាន​ការ​ធ្វេស​ប្រហែស រលកវាយ​ប្រហារ​​ទី២ នៃ​មេរោគ​នេះ នឹង​អាច​កើត​ឡើង ឆ្លង​ដល់​សហគមន​ និង​បំផ្លាញ​ដល់​ប្រព័ន្ធ​សុខាភិបាល​បាន​យ៉ាង​ងាយ៕ សន សុភា

from: https://tnaot.com/km/m/detail/article/9164875