ស្រ្ដី២នាក់ជាកូនភ្លោះបានកើតចេញពីឧទរ(ផ្ទៃ) ក្នុងថ្ងៃតែមួយ ហើយប្រកបមុខរបរជាគិលានុបដ្ឋាយិកា តែជាអកុសលពួកនាងបានឆ្លងវីរុសកូវីដ១៩ ធ្វើឲ្យពួកនាងចាកចោលពិភពលោកនេះ នៅក្នុងសប្ដាហ៍តែមួយ។
យោងតាមបណ្ដាញផ្សព្វផ្សាយរបស់អង់គ្លេស BBC បានផ្សាយ នៅថ្ងៃទី២៥ ខែមេសា ថា ស្រ្ដីទាំង២នាក់បងប្អូន ជាកូនភ្លោះនោះ គឺឈ្មោះ Katy Davis និងឈ្មោះ Emma Davis ។ ពួកនាងទាំង២នាក់ បម្រើការងារជាគិលានុបដ្ឋាយិកា ហើយបានឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្ដែជាអកុសល ពួកនាងទាំង២នាក់បានស្លាប់ដោយសារកូវីដ១៩ នៅក្នុង មន្ទីរពេទ្យ Southampton ។ រីឯពេលវេលា នៃការស្លាប់របស់ពួកនាង គ្រាន់តែមុន និងក្រោយគ្នា តែ៣ថ្ងៃប៉ុណ្ណោះ។
ប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា ស្រ្ដីទាំង២នាក់នេះ រស់នៅជាមួយគ្នា ហើយពួកនាងស្រឡាញ់គ្នាខ្លាំងណាស់ ដោយទៅណាមកណា តែងតែទៅជាមួយគ្នាជានិច្ច។ កន្លងមក ពួកនាងធ្លាប់មានបញ្ហាសុខភាពដែរ ប៉ុន្ដែមួយរយ:ចុងក្រោយនេះ ពួកនាងក៏ត្រូវបានធ្វើតេស្ដរកឃើញផ្ទុកកូវីដ១៩។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយមក ពួកនាងក៏ត្រូវគេបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យខាងលើ។ ប៉ុន្ដែជាអកុសល ពួកនាងបានស្លាប់ចោលសាច់ញាតិ ដោយគ្រាន់តែមុន និងក្រោយគ្នាតែ រយ:ពេល៣ថ្ងៃប៉ុណ្ណោះ។ ពោលគឺនាង Katy បានស្លាប់ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ហើយនាង Emma បានស្លាប់ កាលពីថ្ងៃទី៤ ខែមេសា។
បើគិតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមេសា នៅក្នុងចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១៤៣ ៤៦៤នាក់ ក្នុងនោះស្លាប់១៩ ៥០៦នាក់៕ ប្រែសម្រួល ដោយ Nuon