មន្ត្រីគ្រប់គ្រងកោះហាវៃ៉ បានចំណាយប្រាក់សងអ្នកទេសចរ ដើម្បីឲ្យចាកចេញពីកោះនេះ ដោយសារខ្លាចចម្លងកូវីដ១៩ មកលើពលរដ្ឋ នៅកោះរបស់ខ្លួន។
ក្រសួងគ្រប់គ្រងវិស័យទេសចរណ៍ នៅកោះហាវ៉ៃ បានប្រកាសថាខ្លួន នឹងចំណាយប្រាក់ រហូតដល់ទៅ២៥ពាន់ដុល្លារ ដើម្បីឲ្យអ្នកទេសចរ វិលត្រឡប់ទៅកន្លែងដើមវិញ។ ការប្រកាសបែបនេះ ក៏ដោយសារតែអ្នកទេសចរទាំងនោះ មិនព្រមនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ។
បើតាមការប្រកាសរបស់មន្ត្រីកោះហាវ៉ៃ អង្គការ Visitor Aloha Society ជាអ្នករៀបចំជើងហោះហើរ ដឹកជញ្ជូន អ្នកទេសចរ ឲ្យចាកចេញពីទីនោះ។ សកម្មភាពខាងលើ ក៏ដើម្បីសុវត្ថិភាពដល់ពលរដ្ឋកោះហាវ៉ៃ បញ្ចៀសការឆ្លងកូវីដ១៩។
បច្ចុប្បន្នកោះហាវ៉ៃ មានអ្នកឆ្លងកូវីដ១៩ កើនឡើង ៥៩៦នាក់ ក្នុងនោះស្លាប់១២នាក់។អភិបាលរដ្ឋហាវ៉ៃ លោក David Ige បានប្រកាសថា អ្នកទេសចរដែលមកកម្សាន្ត នៅទីនេះ គឺត្រូវតែ កាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈ១៤ថ្ងៃ។
លោក David Ige បន្តទៀតថា «ភារកិច្ចរបស់យើង គឺធានាដល់សន្តិសុខ និងសុវត្ថិភាព ដល់ពលរដ្ឋនៅលើកោះហាវ៉ៃ ដើម្បីឲ្យរួចផុតពីការគំរាមកំហែងដោយកូវីដ១៩»។ ប្រែសម្រួលដោយ៖ MEO