Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាចម្បាំងអាមេរិក USS Barry ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ លើកទី២

ចិនបានថ្កោលទោស​ម្តងទៀត​ ដល់​ការធ្វើនាវាចរណ៍នាវាចម្បាំង​របស់អាមេរិក ឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់ ​។ សកម្មភាព​ឆ្លងកាត់នោះ ​ជាអាកប្បកិរិយា​ «គ្រោះថ្នាក់»​ គំរាមកំហែង​សន្តិភាព និងស្ថិរភាព​ នៅក្នុង​តំបន់​ ។ 

កងនាវាចរណ៍​ប៉ាស៊ីហ្វិក​របស់អាមេរិក​ កាលពីថ្ងៃទី​២៣ ខែមេសា ​បានបញ្ជាក់​ថា នាវាចម្បាំងមួយ​គ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកទីពីរ ​ក្នុងរយៈពេល​មួយខែ ។ 

ក្រសួងការពារជាតិតៃវ៉ាន់​បាន​ប្រកាសថា នាវាចម្បាំង​អាមេរិក បានធ្វើនាវាចរណ៍​ទៅទិស​ខាងត្បូង ​តាមច្រក​តៃវ៉ាន់​ ជាទីខណ្ឌចែកដែនទឹក ​រវាងដីចិនដីគោក និងតៃវ៉ាន់ ។ «នាវាចម្បាំង​ពិឃាត​បំពាក់ប្រព័ន្ធមីស៊ីល​នាំ​ផ្លូវនោះ ជានាវា​ USS Barry តែងតែធ្វើបេសកកម្ម​ជាប្រក្រតី​របស់ខ្លួន ដោយឆ្លង​កាត់ច្រកសមុទ្រតៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិ» ។ នេះបើយោងតាម​ លោក Anthony Junco អ្នកនាំពាក្យ​កងនាវាចរ​ណ៍ទី៧​របស់កម្លាំងជើងទឹកអាមេរិក ។ 

កាសែតរ៉យទ័រ​ បានដកស្រង់​សម្តីអ្នកនាំពាក្យដដែលនេះ ​បញ្ជាក់ថា «នេះជាការបង្ហាញ​នូវការប្តេជ្ញា​​របស់អាមេរិក​ ដោយបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការធ្វើនាវាចរណ៍, ការហោះហើរ​ ឬប្រតិបត្តិការ​ដោយសេរី នៅគ្រប់ទីកន្លែង​ដែលច្បាប់អន្តរជាតិអនុញ្ញាត»។

នេះជាលើកទីពីរ​ដែល​នាវាចម្បាំងអាមេរិក USS Barry បានធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រ​តៃវ៉ាន់។  កាលពី​ពីរសប្តាហ៍មុន នាវាចម្បាំងនេះ​បានធ្វើ​នាវាចរណ៍ឆ្លងកាត់​ផងដែរ គឺនៅថ្ងៃ​ជាមួយគ្នានឹងយន្តហោះចម្បាំង​ចិន ធ្វើសមយុទ្ធ​ នៅពីលើដែនទឹក​ជិត​ដែនកោះតៃវ៉ាន់ ។ ​

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រុងតៃប៉ិ បានបញ្ជាក់ថា យន្តហោះចម្បាំង​នៅលើនាវាផ្ទុកយន្តហោះ​ចិន​បានប្រតិបត្តិការហោះហើរ​ នៅ​ភាគខាងត្បូង តាមច្រកសមុទ្រ Bashi រវាងតៃវ៉ាន់ និងហ្វីលីន ហើយបានតម្រង់ទិស​ទៅភាគខាងកើត ។ កាលពីខែថ្មីៗនេះ ចិន​បាន​ធ្វើសមយុទ្ធ​ជាច្រើន​លើក ​នៅជិត​តៃវ៉ាន់ ក្នុងនោះ​មានការប្រើប្រាស់​យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរផងដែរ ហើយទីក្រុងតៃប៉ិហៅ​សកម្មភាពនោះ ​ជាការ​បំផិតបំភ័យ ។ 

តៃវ៉ាន់​បានផ្តាច់ខ្លួន​ ចេញពីការគ្រប់គ្រងរបស់ចិន​ ចាប់តាំងពីឆ្នាំ១៩៤៩។ ប៉េកាំង​ចាត់​ទុក​ដែនដីនេះ​ ជាផ្នែកមួយរបស់ខ្លួន ខណៈតៃវ៉ាន់​នៅតែ​អះអាង អំពី​ស្វយ័ភាព​លើទឹកដីនេះ ដោយ​បង្កើត​ទំនាក់ទំនាក់នយោបាយ និងការទូត​ជាមួយ​ប្រទេសជាច្រើន ដែលបានទទួល​ស្គាល់​ដែនអធិបតេយ្យ​របស់ខ្លួន ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9161055