ចាប់តាំងពីការផ្ទុះឡើង នៃវីរុសរាកផ្លូវដង្ហើមប្រភេទថ្មី ឬ វីរុសកូរ៉ូណា (កូវីដ១៩) រាតត្បាតពាសពេញពិភពលោកនោះមក អាជ្ញាធរថៃបានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្នផ្នែកសុភាព ហើយបទបញ្ជាផ្សេងៗ ក៏កើតមានជាហូរហែ សម្រាប់ការទប់ស្កាត់មេរោគដ៏កាចសាហាវនេះ។
ក្នុងរយ:ពេលជាង១ខែកន្លងមកនេះ រាជធានីបាងកក ដែលជាទីក្រុងពាណិជ្ជកម្ម និងជាបេះដូងរបស់ប្រទេសថៃ ក៏ត្រូវស្ថិតក្រោមច្បាប់បម្រាមគោចរ និងការបិទប្រទេសផងដែរ។ នៅពេលរាត្រី តំបន់ទាំងអស់នៅក្នុងទីក្រុងនេះ មានតែរថយន្ដត្រូវគេចតចោល នៅតាមផ្លូវ ហើយនៅតាមវិថីនានាទាំងអស់ មិនមានមនុស្សធ្វើចរាចរ។
រដ្ឋាភិបាលថៃ បានដាក់បិទប្រទេស និងការដាក់បម្រាមគោចរ នៅទូទាំងប្រទេសបែបនេះ ក៏ ជាវិធានការសម្រាប់ទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។ ក្រៅពីការបិទប្រទេស និងដាក់បម្រាមគោចរនោះ អាជ្ញាធរថៃ ក៏បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងផ្សេងៗទៀត ដោយដាក់ឲ្យនៅឆ្ងាយពីសង្គម។
អាជ្ញាធរថៃ បានហាមឃាត់ដល់ការលក់គ្រឿងស្រវឹង ហើយថែមទាំងការដាក់ទោសទណ្ឌដល់អ្នកដែលប្រមូលផ្ដុំគ្នាផឹកស៊ីថែមទៀតផង។ អ្នកល្មើសនឹងបទបញ្ជានេះអាចប្រឈមនឹងការផាកពិន័យ រហូតដល់ជាង៣ពាន់ដុល្លារអាមេរិក ឬត្រូវជាប់ពន្ធនាគារ រយ:ពេល៦ខែ។
ការបិទប្រទេសដោយសារតែវីរុសរាតត្បាតនេះ បានធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ ជាពិសេសនោះ គឺវិស័យទេសចរណ៍ ដោយធ្វើឲ្យប្រទេសនេះ ខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក។
ស្ថិតក្នុងស្ថានភាពបែបនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ កាលពីពេលថ្មីៗនេះ មានគម្រោងជួបពិភាក្សាគ្នាជាមួយគ្រប់ភាគីទាំងអស់ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រជាពលរដ្ឋ សង្គមស៊ីវិល តំណាងរាស្រ្ដ និងបក្សប្រឆាំង។ ការពិភាក្សាគ្នានេះ គឺផ្ដោតយ៉ាងសំខាន់ទៅលើការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំង ពីវីរុសកូវីដ១៩។
យោងតាមនាយកដ្ឋានការពារការងារ និងសុខុមាលភាព នៃប្រទេសថៃ បានឲ្យដឹងថា ការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុន ជាច្រើនត្រូវបិទទ្វារ។ បញ្ហានេះធ្វើឲ្យបុគ្គលិក និងកម្មករ រាប់ម៉ឺននាក់ ត្រូវអត់ការងារធ្វើ។
ប្រភពព័ត៌មានដដែល បានបន្ដថា បើគិតចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២០នេះ មានបុគ្គលិក និងនិយោជិត ចំនួន៧សែននាក់ អត់ការងារធ្វើ ហើយត្រូវទទួលជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលថៃ។
បើយោងតាមវើលដូម៉ែទ័រ បានផ្សាយ នៅវេលាព្រឹក ថ្ងៃទី២៤ ខែមេសា បានឲ្យដឹងថា នៅក្នុងប្រទេស មានអ្នកឆ្លងកូវីដ១៩ ចំនួន២៨៣៩នាក់ ក្នុងនោះស្លាប់៥០នាក់ និងជាសះស្បើយ ២៤៣០នាក់៕ ប្រែសម្រួល ដោយ Nuon