ខេត្តសៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី បានកំពុងតែមមាញឹកក្នុងការអនុវត្តគម្រោងស្រែសង្គម ដែលមានយុវជន ប្រជាការពារភូមិ មន្រ្តីនគរបាល រដ្ឋបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់បានចូលរួម ក្នុងការងារចុះបាចជីអាចម៌មាន់នៅក្នុងវាលស្រែនៃគម្រោងស្រែសង្គម។ នេះបើយោងតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា បើតាមផែនការ ការងារបាចជីអាចម៌មាន់នេះត្រូវប្រើពេល៣ថ្ងៃ ទើបរួចរាល់ ហើយនៅដើមខែឧសភាគម្រោងនេះ នឹងចាប់ផ្តើមស្ទូងតែម្តង។ ការធ្វើស្រែសង្គមនេះ ធ្វើឡើងក្នុងគោលដៅសង្គម និងមនុស្សធម៌ទាំងស្រុង ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ១៩ កំពុងតែជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់។
អភិបាលស្រុកបន្ទាយស្រីវ័យក្មេងខាងលើបន្តថា ឥឡូវនេះប្រជាជនចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត ៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដើម្បីដំណើរការគម្រោងមួយនេះ។ ទន្ទឹមនេះ បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពី «ស្រូវស្រាលដើមរដូវ» ជុំទី១ ពេលនោះម្ចាស់ស្រែ នឹងទទួលបានផលដែរ គឺក្នុង១ហិកតា ចំនួន៤០០គីឡូក្រាម និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ ជាពិសេសដោយសារការរីករាលដាលនៃមេរោគកូវីដ១៩។
លោក ឃឹម ហ្វីណង់ បានអះអាងថា ប្រសិនគម្រោងនេះអនុវត្តន៍បានជោគជ័យ នៅថ្ងៃអនាគតលោក ក៏មានគម្រោងធ្វើស្រែរួមគ្នា ឬសហគមន៍កសិកម្ម គឺជាអ្វីដែលប្រទេសជឿនលឿនគេធ្វើជាប្រចាំទៅហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើតូចៗដាច់ដោយឡែក ព្រោះការច្របាច់បញ្ចូលគ្នាលើផ្ទៃដីធំល្វឹងល្វើយ នឹងធ្វើឱ្យមានផលចំណេញពីសេដ្ឋកិច្ចមាត្រដ្ឋានផ្តល់លទ្ធភាពឱ្យប្រើបច្ចេកទេសខ្ពស់ និងគ្រឿងចក្រទំនើប ប្រើប្រាស់ពូជថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានភាពងាយស្រួលក្នុងការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រពធារាសាស្ត្រក៏ដូចជាការស្វែងរកទីផ្សារជូនផងដែរ៕ ដោយ៖ តារា