អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ជាថ្មីឡើងវិញ ពីភាពចាំបាច់នៅក្នុងទំនាក់ទំនង រវាងរដ្ឋាភិបាលអាល្លឺម៉ង់ និង អង្គការសុខភាពពិភពលោក ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩។
លោកស្រី Angela Merkel បានបញ្ជាក់ នៅក្នុងកិច្ចពិភាក្សា នៅព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែមេសា ថា បច្ចុប្បន្ននៅលើពិភពលោក តួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ពិតជាមានសារសំខាន់យ៉ាងខ្លាំង មិនអាចខ្វះបានឡើយ។
លោកស្រី Angela Merkel បានបញ្ជាក់ថា «មិនត្រឹមតែ នៅក្នុងទ្វីបអាហ្វ្រិក ប៉ុណ្ណោះទេ តំបន់អឺរ៉ុបក៏ត្រូវការអង្គការសុខភាពពិភពលោក ជាការចាំបាច់បំផុត។ សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់វិញ បានចាត់ទុក WHO ជាដៃគូដ៏សំខាន់ ក្នុងវិស័យសុខាភិបាល។
នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ប្រកាសគាំទ្រ WHO ។ កាលពីថ្ងៃទី១៤ ខែមេសា ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសផ្អាកជំនួយដល់ WHO រដ្ឋាភិបាលអាល្លឺម៉ង់ និងប្រទេសតំបន់អឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជាសកម្មភាពខុសច្បាប់។
ក្រៅពីអាល្លឺម៉ង់ ក៏នៅមានប្រទេសជាច្រើនបានគាំទ្រដល់ WHO ជាកស្តែង អង់គ្លេស បានអនុម័តផ្តល់ជំនួយ ជាទឹកប្រាក់ ២០០លានផោនជួយដល់ WHO ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩។ ស្របគ្នានោះ កាលពីថ្ងៃទី២៣ ខែមេសា ចិនក៏បានប្រកាសផ្តល់ជំនួយបន្ថែម គិតទឹកប្រាក់៣០លានដុល្លារ ជួយដល់ WHO បន្ថែមពីលើជំនួយមុន៕ ប្រែសម្រួលដោយ៖ MEO