តម្លៃប្រេងនៅលើពិភពលោក បានកើនឡើង២០ភាគរយវិញហើយ ក្រោយពេលអាមេរិក និងអ៊ីរ៉ង់ គំរាមកំហែងវាយប្រហារគ្នា នៅតំបន់សមុទ្រពែក្ស ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកម្លាំងទាហានបាញ់កម្ទេចនាវាអ៊ីរ៉ង់ ដែលរំខានដល់នាវាចម្បាំងរបស់អាមេរិក។ ចំណែកមេទ័ពអីរ៉ង់ ក៏បានបញ្ជាឲ្យកម្លាំងទាហានកម្ទេចនាវាចម្បាំងរបស់អាមេរិក ប្រសិនបើបំផ្ទុះអាវុធទៅលើអីរ៉ង់នោះ។
ការប្រឈមមុខតានតឹងដាក់គ្នា រវាងប្រទេសទាំង២នេះ បានធ្វើឲ្យតម្លៃប្រេង នៅលើពិភពលោក ឡើងថ្លៃវិញ២០ភាគរយ នៅថ្ងៃទី២៣ ខែមេសា។ តម្លៃប្រេងឡើងថ្លៃ ដោយសារតែខ្លាចអាមេរិកនិងអ៊ីរ៉ង់បំផ្ទុះសង្គ្រាម នៅឈូងសមុទ្រពែក្ស នាំឲ្យប៉ះពល់ដល់ប្រភពផ្គត់ផ្គង់ប្រេង។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការព្រមានរបស់ប្រធានាធិបតីអាមេរិក ឲ្យវាយប្រហារទៅលើនាវាអ៊ីរ៉ង់ ក្រោយពេលអាមេរិក បានទិញប្រេងបំពេញ ក្នុងឃ្លាំងស្តុករួចរាល់ ខណ:តម្លៃប្រេងធ្លាក់ទាបបំផុត។ បច្ចុប្បន្នគេអាចនិយាយបានថា តម្លៃប្រេងកំណត់ ដោយទំនាក់ទំនង រវាងអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើប្រទេសទាំងពីរប្រឈមមុខតានតឹងនោះ តម្លៃប្រេងនឹងឡើងថ្លៃខ្ពស់។ ផ្ទុយទៅវិញ បើប្រទេសទាំង២ស្ងប់ស្ងាត់ តម្លៃប្រេងនឹងធ្លាក់ថ្លៃ។
សារព័ត៌មានអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែមេសា បានដកស្រង់សម្តីមេទ័ព អ៊ីរ៉ង់ លោក Hossein Salami បានបញ្ជាក់ថា នាវាចម្បាំងរបស់អាមេរិក នៅក្នុងតំបន់ ប្រសិនបើគំរាមកំហែង ឬបំផ្ទុះអាវុធមកលើនាវារបស់អ៊ីរ៉ង់នោះ ទាហានអ៊ីរ៉ង់នឹងកម្ទេចនាវាចម្បាំងទាំងនោះចោល។
លោក Hossein Salami បានបានប្រកាសថា «ខ្ញុំបានចេញបញ្ជាឲ្យកម្លាំងទាហានជើងទឹក បាញ់កម្ទេចនាវាចម្បំាងអាមេរិក ដែលគំរាមកំហែងដល់នាវាចម្បាំងរបស់អ៊ីរ៉ង់។ សន្តិសុខសុវត្ថិភាព នៅឈូងសមុទ្រពែក្ស ជាអាទិភាពរបស់ទាហានអ៊ីរ៉ង់៕ ប្រែសម្រួលដោយ៖ MEO