កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងផ្តល់ជំនួយ៣០លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ។ ការប្រកាសផ្ដល់ជំនួយបន្ថែមរបស់ចិន បានកើតឡើង ក្រោយពេលអាមេរិកប្រកាសផ្អាកជំនួយដល់ស្ថាប័នសុខភាពពិភលោកមួយនេះ ក្រោមការចោទប្រកាន់ថា WHO បានបរាជ័យនៅក្នុងកាតព្វកិច្ចជាមូលដ្ឋានរបស់ខ្លួន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមេសា បានប្រកាសពីការផ្អាកជំនួយដល់អង្គការសុខភាពពិភពលោក ដោយសារចោទថា ស្ថាប័ននេះបានបិទបាំងពីសភាពធ្ងន់ធ្ងរ នៃការផ្ទុះវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន មុនពេលរាលដាល នៅទូទាំងពិភពលោក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ បានណែនាំឲ្យរដ្ឋាភិបាលរបស់លោក ផ្អាកការផ្ដល់ជំនួយ ខណៈការវាយតម្លៃ និងការពិនិត្យពីតួនាទីរបស់អង្គការសុខភាពពិភពលោក ឃើញថា គ្រប់គ្រងមិនត្រឹមត្រូវ ហើយថែមទាំងលាក់បាំងការរាតត្បាត នៃវីរុសកូវីដ-១៩ថែមទៀត ។
បើតាមលោក ត្រាំ បានលើកឡើងថា “អង្គការសុខភាពពិភពលោកបានការពារតម្លាភាពជុំវិញការផ្ទុះឡើង ហើយអាមេរិកនឹងពិភាក្សាថា ត្រូវធ្វើអ្វីជាមួយនឹងប្រាក់ ដែលគាំទ្រដល់អង្គការមួយនេះ។ ជាមួយនឹងការរាតត្បាត នៃវីរុសកូវីដ-១៩ យើងពិតជាមានការព្រួយបារម្ភខ្លាំង ថាតើទឹកចិត្ដសប្បុរសរបស់អាមេរិក ត្រូវបានគេប្រើប្រាស់យ៉ាងល្អឬអត់?”
សូមបញ្ជាក់ថា អាមេរិក គឺជាម្ចាស់ជំនួយដ៏ធំបំផុត សម្រាប់អង្គការសុខភាពពិភពលោក ដោយបានបរិច្ចាគ ជាង៤០០លានដុល្លារ ក្នុងឆ្នាំ២០១៩ ប្រហែល១៥ភាគរយ នៃថវិការបស់អង្គការកំពូលមួយនេះ ។
ថ្លែងក្នុងសង្ខេបព័ត៌មាន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់ថា «ចិនបានសម្រេចផ្តល់ជំនួយបន្ថែមទៀតចំនួន៣០លានដុល្លារ ជាសាច់ប្រាក់ ជួយដល់អង្គការសុខភាពពិភពលោក ។ ជំនួយនេះ គឺបន្ថែមលើជំនួយកាលពីពេលមុន ចំនួន២០លានដុល្លារ។ គោលបំណង គឺគាំទ្រដល់ស្ថាប័នពិភពលោកមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ហើយនិងការពង្រឹងសកម្មភាពនៅប្រទេសកំពុងអភិវឌ្ឍទាំងឡាយលើផ្នែកសុខាភិបាល» ៕ ប្រែសម្រួលដោយ៖ thach yat