បើគិតក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ នៅក្នុងប្រទេសសិង្ហបុរី មានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន១០៣៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១១១៧៨នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ៨៩៦នាក់។ បើគិតត្រឹមពេលនេះ សិង្ហបុរី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។
យោងតាមវើលដូម៉ែទ័រ បានបង្ហាញតួលេខអ្នកឆ្លងកូវីដ១៩ កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ថា បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៣៤ ៦២២នាក់ ក្នុងនោះស្លាប់១២៥៨នាក់ និងជាសះស្បើយ ៨៨៧៧នាក់។
ប្រទេសក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ច្រើន បន្ទាប់ពីសិង្ហបុរី គឺឥណ្ឌូនេស៊ី ដោយមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៦៩៨១នាក់ ក្នុងនោះស្លាប់៦៣៥នាក់ និងជាសះស្បើយ ៩១៣នាក់។ ក្នុងចំណោមប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន គឺឥណ្ឌនេស៊ី មានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ។
ដោយឡែកហ្វីលីពីន ថ្វីបើប្រធានាធិបតី លោក Duterte ចាត់វិធានការយ៉ាងតឹងរ៉ឺង រហូតដល់ជនណាម្នាក់ល្មើសនឹងបម្រាមកូវីដ១៩ធ្ងន់ធ្ងរ អនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ចោលក្ដី តែប្រទេសនេះនៅតែមានចំនួនអ្នកស្លាប់ច្រើន នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី។ រហូតមកដល់វេលាខាងលើនេះ ហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៨១នាក់ ក្នុងនោះស្លាប់៤៦២នាក់ និងជាសះស្បើយ៧២២នាក់។
ប្រទេសម៉ាឡេស៊ី កាលពីមុន មានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន តែឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន៥៥៣២នាក់ ក្នុងនោះស្លាប់៩៣នាក់ និងជាសះស្បើយ៣៤៥២នាក់។
ថៃមានអ្នកឆ្លង២៨៣៩នាក់ ក្នុងនោះស្លាប់៥០នាក់ និងជាសះស្បើយ២៤៣០នាក់។ វៀតណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២២៤នាក់។ ប្រទេសប៊្រុយណេ មានអ្នកឆ្លង ១៣៨នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១៧នាក់។
ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងកើនឡើងដល់១២៧នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ៩នាក់។ រីឯកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ១១០នាក់។ ចំណែក
ឡាវ មានអ្នកឆ្លង ១៩នាក់ ក្នុងនោះជាសះស្បើយ៤នាក់៕ ប្រែសម្រួលដោយ Nuon