រហូតមកដល់ពេលនេះ ប្រទេស និងដែនដីជាង២០០ នៅជុំវិញពិភពលោក កំពុងរងនូវការរាតត្បាតពីកូវីដ១៩ ដោយមានអ្នកឆ្លង និងស្លាប់កើនឡើងជាង ២,៦លាននាក់ ហើយបង្កឲ្យមានវិបត្ដិជាច្រើនទៀត ទើបអង្គការសុខភាពពិភពលោក (WHO) ព្រមានថា វិបត្ដិវីរុសកូរ៉ូណានេះនឹងបន្ដអូសបន្លាយ ក្នុងរយ:ពេលយូរ។
អង្គការសុខភាពពិភពលោក នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២០ បានព្រមានថា វិបត្ដិវីរុសកូរ៉ូណានេះ នឹងមិនអាចបញ្ចប់ ក្នុងរយ:ពេលដ៏ឆាប់ៗនេះទេ។ រហូតមកដល់ពេលនេះ បណ្ដាប្រទេសជាច្រើន ជាពិសេស អាមេរិក និងតំបន់អឺរ៉ុប នៅតែបន្ដធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះនៅឡើយ។
រោគរាតត្បាតនេះ មិនត្រឹមតែប្រកាសអាសន្នផ្នែកសុខភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែដំណើរការសេដ្ឋកិច្ចសកលក៏កំពុងតែពុះពារ ដើម្បីដង្ហើមរស់ផងដែរ។ មនុស្សរាប់សិបលាននាក់ត្រូវបាត់បង់ការងារ ហើយលាននាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងការអត់ឃ្លាន។
ស្ថិតក្នុងស្ថានភាពបែបនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើការអត់ការងារធ្វើ ដោយសារការរាតត្បាត នៃវីរុសនេះ។ ប៉ុន្ដែដើម្បីជួយដល់អ្នកអត់ការងារធ្វើ ជាពលរដ្ឋអាមេរិកនោះ លោកប្រធានាធិបតីអាមេរិក បានចេញបទបញ្ជាព្យួរកាតបៃតង និងបិទជនអន្ដោប្រវេសន៍ចូលមកលើទឹកដីអាមេរិក ក្នុងរយ:ពេល៦០ថ្ងៃ។
ការចេញបទបញ្ជាបែបនេះ ក៏ដោយសារលោកប្រធានាធិបតី មិនចង់ឲ្យជនបរទេសចូលមកដណ្ដើមការងារធ្វើ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋអាមេរិកអត់ការងារធ្វើ នៅក្នុងកាល:ទេស:ដ៏លំបាក បង្កឡើងដោយកូវីដ១៩នេះ។
ការរាតត្បាត នៃវីរុសនេះ បានធ្វើឲ្យអាមេរិក និងតំបន់អឺរ៉ុប ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក។ រីឯទំហំ នៃផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ពិភពលោក រហូតមកដល់ពេលនេះ គេនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ ព្រោះប្រទេសស្ទើរតែអស់ ត្រូវបិទប្រទេស។
បើគិតត្រឹមវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ កើនឡើង ២ ៦៣៩ ០២៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់១៨៤២៦៣នាក់ និងអ្នកត្រូវព្យាបាលជាសះស្បើយ ចំនួន៧២២១៥៤នាក់៕ ប្រែសម្រួលដោយ Nuon