យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានហោះហើរពីទ្វីបអាមេរិក ឆ្ពោះទៅកាន់ជប៉ុន ហើយការហោះហើរសមយុទ្ធនោះ អមដំណើរដោយយន្តហោះចម្បាំងជប៉ុន ចំនួន១៥គ្រឿងថែមទៀត ដើម្បីបង្ហាញពីឥទ្ធិពលរបស់កម្លាំងជើងអាកាស។
តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន stripes កាលពីថ្ងៃទី២២ ខែមេសា បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer មួយគ្រឿងរបស់អាមេរិក បានហោះហើរ រយៈពេល៣០ម៉ោង ចេញពីមូលដ្ឋានទ័ពអាកាស Ellsworth Air Force ស្ថិតនៅក្នុងរដ្ឋ South Dakota សហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានកងទ័ពជើងអាកាស Misawa នៅប្រទេសជប៉ុន ដោយជួបជាមួយយន្តហោះចម្បាំងកងកម្លាំងស្វ័យការពារជប៉ុន F-2s និង F-15 ចំនួន ៨ គ្រឿង ។
ក្រុមយន្តហោះចម្បាំងទាំងនោះ ក៏មានការចូលរួមពីយន្តហោះចម្បាំង F-16 Fighting Falcons នៅមូលដ្ឋានជើងអាកាស Misawa ចំនួន៦គ្រឿងបន្ថែមទៀត ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា អាកាសយានិកទាំងនោះ ទទួលការហ្វឹកហាត់ហោះហើរនៅពីលើតំបន់ Draughon Range ជិតមូលដ្ឋានជើងអាកាសជប៉ុន Misawa ដែលជាផ្នែកមួយរបស់បញ្ជាការសហភាពឥណ្ឌូ – ប៉ាស៊ីហ្វិកអាមេរិក និងកងកម្លាំងយុទ្ធសាស្ត្របំផ្ទុះគ្រាប់បែករួមគ្នាផងដែរ ។
កាលពីសប្តាហ៍មុន យន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន៥គ្រឿង បានហោះចេញពីកោះ ហ្គាំ (Guam) ទៅកាន់ មូលដ្ឋានរបស់ពួកគេ ស្ថិតនៅក្នុងបន្ទាយកងទ័ពជើងអាកាស Minot រដ្ឋ North Dakota សហរដ្ឋអាមេរិក ក្រោយបញ្ចប់ការបម្លាស់ទីយន្តហោះទម្លាក់គ្រាប់បែក របស់កងទ័ពអាកាស ដែលបានកើតឡើងតាំងពីឆ្នាំ ២០០៤មកនោះ ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា “ គំរូប្រកបដោយភាពស្វាហាប់” ថ្មីរបស់កងទ័ពជើងអាកាស គឺផ្តោតលើគោលដៅយុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិក “ ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងប្រតិបត្តិការ ដែលមិនអាចប៉ាន់ស្មានបាន” ៕ ប្រែសម្រួលដោយ៖ thach yat