មនុស្សចំនួន៦នាក់ ត្រូវគេនាំមកជំនះជម្រះជាសាធារណ:ពីការរំលោភបំពានលើច្បាប់សាសនាអ៊ិស្លាម កាលពីថ្ងៃទី២១ ខែមេសា នៅក្នុងខេត្ដអាសេ (Aceh) ប្រទេសឥណ្ឌូនេស៊ី ថ្វីបើអាជ្ញាធរបានដាក់បម្រាមលើការប្រមូលផ្ដុំ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ក្ដី។
អាជ្ញាធរឥណ្ឌូនេស៊ី នៅតែទទូចសុំឲ្យប្រជាពលរដ្ឋ អនុវត្ដវិធានការឃ្លាតឆ្ងាយពីសង្គម ព្រោះនេះវិធីសាស្រ្ដដ៏ល្អមួយ ក្នុងការតប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩។
លោក Safriadi មន្ត្រីទទួលបន្ទុកការដាក់ទណ្ឌកម្ម Sharia នៅខេត្ត Banda Aceh បាននិយាយថា ដើម្បីអនុវត្តតាមលក្ខខណ្ឌបច្ចុប្បន្ន យើងកំពុងតែព្យាយាមកាត់បន្ថយនីតិវិធីណាមិនចាំបាច់។ យើងទើបតែអនុវត្តការដាក់ទោសទណ្ឌដោយផ្ទាល់ ដើម្បីធ្វើឱ្យកាន់តែសាមញ្ញ។
បណ្ដាញផ្សាយរបស់ឥណ្ឌូនេស៊ី បានផ្សាយថា កាលពីថ្ងៃទី២១ ខែមេសា ជនល្មើសជាច្រើន ដែលត្រូវរងការដាក់ទោសទណ្ឌ តាមសាសនាអ៊ិស្លាមនោះ មិនបានពាក់ម៉ាស់នោះទេ។
បើតាមរូបភាពនោះ គឺមានអ្នកចូលរួមយ៉ាងច្រើន ដោយប៉ះពាល់គ្នាយ៉ាងជិតថែមទៀតផង។
បើតាមច្បាប់សាសនាអ៊ិស្លាម នៅខេត្ដ Aceh ប្រទេសឥណ្ឌូនេស៊ី គូស្វាមីភរិយាដែលមិនទាន់រៀបការ ហើយនាំគ្នាទៅរួមភេទ អាចនឹងរងការដាក់ទោសទណ្ឌ ដោយការវាយនឹងរំពាត់ជាដើម។
ខេត្តអាសេ ស្ថិតនៅភាគខាងលិច នៃកោះស៊ូម៉ាត្រា ហើយជាតំបន់តែមួយគត់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនមូស្លីមភាគច្រើន អនុវត្តច្បាប់សាសនាអ៊ិស្លាម។ ច្បាប់នៅក្នុងខេត្តនេះអនុញ្ញាតឱ្យមានការចោទប្រកាន់លើបទល្មើសជាច្រើនករណី ដូចជា ការលេងល្បែង ការផិតក្បត់ ការសេពគ្រឿងស្រវឹង ការរួមភេទ និងការរួមភេទមុនពេលរៀបការ ជាដើម។
បើទោះជាមានការដាក់ទណ្ឌកម្មដោយការវាយនឹងរំពាត់យ៉ាងណាក្ដី ក៏មានបុរសម្នាក់បានទទួលទោសពីបទផឹកស្រាស្រវឹង ដោយបានជាប់ពន្ធនាគារ រយៈពេល៣ខែផងដែរ។
កន្លងមក អាជ្ញាធរឥណ្ឌូនេស៊ី បានចេញបម្រាម មិនឲ្យមានការប្រមូលផ្ដុំគ្នា ដោយទាមទារឲ្យផ្អាកសកម្មភាពពិធីសាសនាមួយរយ:សិន ប៉ុន្ដែពលរដ្ឋមួយចំនួននៅតែរៀបចំពិធីសាសនា នាំឲ្យមានការប្រមូលផ្ដុំគ្នា។ ការប្រមូលផ្ដុំគ្នាបែបនេះ គឺជាឱកាសនាំឲ្យមានការចម្លងវីរុសកូវីដ១៩នេះ កាន់តែច្រើនឡើង។
បើគិតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នា២០២០នេះ ឥណ្ឌានេស៊ី មានការឆ្លងវីរុសកូវីដ១៩កើនឡើងដល់ ៧៤១៨ករណី ក្នុងនោះស្លាប់៦៣៥នាក់ និងជាសះស្បើយ ៩១៣នាក់។ ឥណ្ឌូនេស៊ីជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន៕ ប្រែសម្រួល ដោយ Nuon