សារព័ត៌មាន CNN កាលពីថ្ងៃទី២២ ខែមេសា បានផ្សាយថា មន្ត្រីកម្លាំងទាហានជើងទឹកអាមេរិក បានប្រកាសឲ្យដឹងថា មាននាវិកនៅលើនាវាចម្បាំង២៦គ្រឿងឆ្លងកូវីដ១៩។ ក្រៅពីនេះនៅមាននាវាចម្បាំង១៤គ្រឿងផ្សេងទៀត ក៏មាននាវិកឆ្លងកូវីដ១៩ផងដែរ ប៉ុន្តែបានព្យាបាលជាសះស្បើយហើយ។
ទោះជាយ៉ាងណា មន្ត្រីទាហានអាមេរិក មិនបានប្រកាសជាសាធារណៈថា នាវាចម្បាំងណាខ្លះ ឈរជើងនៅកន្លែងណា ដែលមាននាវិកឆ្លងកូវីដ១៩ ដោយសារតែនោះ ជាបញ្ហាសន្តិសុខជាតិ។ បច្ចុប្បន្នអាមេរិក មាននាវាចម្បាំង២៩៧គ្រឿង កំពុងបំពេញបេសកកម្ម នៅលើដែនសមុទ្រ ដោយមានទាហានរាប់ពាន់នាក់។
បើគិតមកដល់ថ្ងៃទី២៣ ខែមេសា កម្លាំងទាហានអាមេរិកដល់ទៅ៣៥៧៨នាក់ ឆ្លងកូវីដ១៩ ក្នុងនោះមានទាហាន២នាក់ស្លាប់។ ក្នុងចំណោមនោះ មានទាហាននៅលើនាវាផ្ទុកយន្តហោះជិត៨០០នាក់បានឆ្លងកូវីដ១៩។
ជាមួយគ្នាដែរ កម្លាំងទាហានអាមេរិកនៅលើកោះ Guam បានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលឲ្យនាវិកដែលឆ្លងកូវីដ១៩។ ដោយសារតែទាហានមានការហ្វឹកហាត់ច្រើន មានសុខភាពល្អ មិនសូវប៉ះពាល់ដល់អាយុជីវិតនោះឡើយ៕ប្រែសម្រួលដោយ៖MEO