ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា សាធារណៈជនមួយចំនួនតួចយល់ច្រឡំថា នៅពេលច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន រៀបចំរួចរាល់ហើយចូលជាធរមាននោះ ប្រទេសនឹងត្រូវប្រកាសដាក់នៅក្នុងភាពអាសន្នភ្លាម នេះគឺជាការយល់ឃើញដោយភាន់ច្រឡំ ហើយមិនត្រឹមត្រូវទេ។
ផ្អែកលើបញ្ញត្តិនៃមាត្រ២២ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់នេះនឹងត្រូវយកមកអនុវត្តក្រោយពេលដែល ព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ លោក ជិន ម៉ាលីន ពន្យល់ថា ក្រោយពេលព្រះមហាក្សត្រ ប្រកាសជាសាធារណៈដាក់ប្រដាក់ ប្រទេស នោះទើបច្បាប់នេះត្រូវយកមកអនុវត្ត ហើយបញ្ញត្តិផ្សេងៗ នៃច្បាប់នេះនឹងត្រូវយកមកអនុវត្ត ដើម្បីគ្រប់គ្រងប្រទេសស្តិតនៅក្នុងភាពអាសន្ន។ ហេតុនេះ មានន័យថា បើមិនមានប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នទេ ច្បាប់នេះក៏មិនត្រូវយកមកអនុវត្តដែរ។
មួយវិញទៀតអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា លក្ខណនៃការដាក់ប្រទេសជាតិក្នុងភាពអាសន្ន គឺតឹងរឹងណាស់ បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត។ បណ្តាប្រទេសផ្សេងមួយចំនួន ត្រឹមតែប្រមុខរាជរដ្ឋាភិបាល ដូចជានាយករដ្ឋមន្ត្រី អាចប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នបាន បណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ត្រឹមតែសភា អាចប្រកាសដាក់ ប្រទេសក្នុងភាពអាសន្នបាន ប៉ុន្តែសម្រាប់កម្ពុជា ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបាន លុះត្រាតែ មានលក្ខណ ២ជាចាំបាច់ទី១ លុះត្រាតែប្រទេសជាតិប្រឈមុខនឹងគ្រោះថ្នាក់។ លក្ខណទី២ ពេលប្រទេសជាតិប្រឈមុខគ្រោះថ្នាក់ហើយ ត្រូវមានលក្ខណមួយទៀត គឺត្រូវមានការយល់ព្រមពីឥស្សជនជនខ្ពស់៣រូប ដែលជាប្រមុខស្ថានប័នកំពូល របស់ជាតិ នោះគឺនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា នឹងប្រធានព្រឹទ្ធសភា។
លោក ជិន ម៉ាលីន ថាលុះត្រាតែ ប្រមុខស្ថាប័នកំពូលទាំងបីនេះ ឯកភាពគ្នា ហើយយល់ឃើញថា កាលៈទេសៈពេលនេះ ជាកាលៈទេសៈចាំបាច់ ហើយគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ត្រូវតែប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ន ទើបព្រះមហាក្សត្រ ទ្រង់ប្រទានដំណឹងជាសាធារណៈ ប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ន៕ ដោយ៖ ប៊ុនធឿន