ដោយសារតែរងការរាតត្បាតពីវីរុសកូវីដ១៩ រហូតធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យទាំងអស់ នៅក្នុងប្រទេសថៃនោះមក លោកនាយករដ្ឋមន្រ្ដី បានជំរុញឲ្យគ្រប់ផ្នែកទាំងអស់ ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាវិបត្ដិ ពាក់ព័ន្ធនឹងកូវីដ១៩នេះ។
លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ បានជំរុញឲ្យគ្រប់ផ្នែកទាំងអស់ មិនថា ពាណិជ្ជកម្ម សាធារណ´: និងប្រជាពលរដ្ឋ ត្រូវតែ ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ស្របគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីបានកោតសរសើរដល់សប្បុរសជន បរិច្ចាគជាថវិកា សម្ភារវេជ្ជសាស្រ្ដ និងម៉ាស់ការពារ ក្នុងការចូលរួមចំណែក យុទ្ធនាការប្រឆាំងនឹងវីរុសនេះ។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយនឹងវិស័យឯកជន ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបង្ហើបថា រដ្ឋាភិបាលនឹងអញ្ជើញដល់វិស័យឯកជន ដើម្បីពិភាក្សាគ្នារិះរកមធ្យោបាយ ស្ដារសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ ក្រោយការរងផលប៉ះពាល់ពីវីរុសរាតត្បាត។ បើតាមគម្រោងនេះ លោកនាយករដ្ឋមន្រ្ដី នឹងធ្វើសវនាការពីគ្រប់ផ្នែកទាំងអស់ រួមទាំងវិស័យឯកជន សង្គមស៊ីវីល តំណាងរាស្រ្ដ និងបក្សប្រឆាំងផងដែរ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនពាណិជ្ជកម្ម និងក្រុមហ៊ុននានា ដែលបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្ភារវេជ្ជសាស្រ្ដ និងម៉ាស់ការពារ ក្នុងការចូលរួមទប់ស្កាត់នូវការរាតត្បាត នៃវីរុសកូវីដ១៩នេះ។ ការរួបរួមគ្នាបែបនេះ ធ្វើឲ្យលោកមានទំនុកចិត្ដយ៉ាងមុតមាំថា ថៃនឹងអាចជោគជ័យ នៅលើវិបត្ដិនេះ។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការពិភាក្សាគ្នាជាមួយនឹងវិស័យពាណិជ្ជកម្មនេះនឹងផ្ដោយ៉ាងសំខាន់ទៅលើគម្រោងស្ដារពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយនិងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអវិជ្ជមាននានា សម្រាប់ជួយដល់ប្រជាពលរដ្ឋ៕ ប្រែសម្រួលដោយ Nuon