កម្លាំងទាហានអាមេរិក បានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន នៅលើកោះ Guam ដើម្បីព្យាបាលនាវិក នៅលើនាវាផ្ទុកយន្តហោះដែលឆ្លងកូវីដ១៩។ បច្ចុប្បន្ន មាននាវិក៧១០នាក់រកឃើញវិជ្ជមានកូវីដ១៩ ។ ក្រៅពីនេះ ក៏មានពលរដ្ឋមួយចំនួននៅកោះនេះ ឆ្លងកូវីដ១៩ផងដែរ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី នៅថ្ងៃទី២២ ខែមេសា បានផ្សាយថា កម្លាំងទាហានអាមេរិក បានខិតខំសាងសង់មន្ទីរពេទ្យ ព្យាបាលដល់ទាហានឆ្លងវីរុស ។ នៅលើកោះGuam នឹងមានកន្លែងពិនិត្យ ចំនួន១១កន្លែងសាងសង់ពីប៉ាតង់ ដោយកន្លែងនីមួយៗមានគ្រែចំនួន២៥។
បច្ចុប្បន្ន មានទាហានអាមេរិក ដល់ទៅ៩៤ភាគរយ ក្នុងចំណោមទាហាន ទាំងអស់នៅលើនាវាផ្ទុកយន្តហោះ មាន៤០៦៩ នាក់ បានត្រួតពិនិត្យ ធ្វើតេស្តរកូវីដ១៩រួចរាល់។ ក្នុងចំណោមទាហានដែលបានធ្វើតេស្ត រកឃើញមានទាហាន៧១០នាក់ឆ្លងកូវីដ១៩។
នាវាផ្ទុកយន្តហោះអាមេរិក ត្រូវបានដាក់ឲ្យនៅដោយឡែក នៅកោះ Guam តាំងពីថ្ងៃទី២៧ ខែមីនា ហើយនាវិកទាំងអស់ក៏ត្រូវបានកាត់ផ្តាច់ នៅដោយឡែករយ:ពេល១៤ថ្ងៃ។
បើតាមគេហទំព័រ Worldometer បានបញ្ជាក់ថា បើគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា នៅទូទាំងទឹកដីអាមេរិក មានអ្នកឆ្លងកូវីដ១៩ សរុបកើនឡើងដល់ ៨១៩ ១៧៥ នាក់ ក្នុងនោះមានទាហាននិងបុគ្គលិក ៥៥៧៥នាក់ បានឆ្លងកូវីដ១៩ផងដែរ។ ជាមួយគ្នានេះ ក៏មានអ្នកស្លាប់កើនឡើង៤៥.៣៤៣ នាក់ ក្នុងនោះមានទាហាន២២នាក់៕ ប្រែសម្រួលដោយ៖ MEO