អ៊ីរ៉ង់ ត្រូវបានចាត់ទុកថា ជាមហាអំណាចយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយប្រទេសនេះផលិតបានយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទ អាចបំពាក់អាវុធ ទំនើបៗ វាយលុកទៅលើទីតាំងសត្រូវ។
នៅពេលនេះ អ៊ីរ៉ង់ផលិតបានយន្តហោះគ្មានមនុស្សបើក ប្រភេទ Ababil-3 អាចបំពាក់មីស៊ីលវាយលុក។ នេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមបច្ចេកវិទ្យាអាវុធរបស់អ៊ីរ៉ង់។
ក្រសួងការពារជាតិអ៊ីរ៉ង់ បានបង្ហាញរូបភាពស្តីពីយន្តយន្តគ្មានមនុស្សបើក នៅទីតាំង ឧស្សាហកម្មអវកាស Isfahan មានយន្តហោះ Ababil-3 ដល់ទៅចំនួន១១គ្រឿង។ យន្តហោះគ្មានមនុស្សបើកទាំងនោះ បានបំពាក់មីស៊ីលនាំផ្លូវ ធុនតូច Ghaem ។ ដែលពីមុនបំពាក់នៅលើយន្តហោះ UAV Mohajer-6។
បណ្តាញទូរទស្សន៍អ៊ីរ៉ង់ ក៏បានផ្សព្វផ្សាយពីយន្តហោះ Ababil-3 វាយប្រហារ ដោយមីស៊ីល Ghaem ទៅលើរថក្រោះចាស់ៗ ជាការសាកល្បង ដោយទទួលបានជោគជ័យទាំងស្រុង។
សារព័ត៌មាន Modafl បានដកស្រង់សម្តីលោក Amir Hatami រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ថា យន្តហោះ UAV Ababil-3 អាចហោះហើរបានចម្ងាយដល់ទៅ១៥០គឺឡូម៉ែត្រ។ ក្រៅពីនេះអីរ៉ង់ក៏បានបង្ហាញ យន្តហោះគ្មានមនុស្សបើក ប្រភេទ Karrar បំពាក់គ្រាប់បែក ទៅទម្លាក់នៅគោលដៅរបស់សត្រូវបានយ៉ាងល្អបំផុតផងដែរ៕ប្រែសម្រួលដោយ៖ MEO