ភ្នំពេញ៖ ការធ្លាក់ចុះតម្លៃប្រេង មិនមែនមានន័យថា តម្លៃអគ្គីសនីត្រូវតែចុះថ្លៃដែរនោះទេ បច្ចុប្បន្ននេះបើសិនជាយើងផលិតអគ្គិសនី ដោយសារប្រេង ប្រហែលប្រេងរាល់ថ្ងៃ មានតម្លៃលើសពេលបច្ចុប្បន្ន។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
អ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល អះអាងថា បងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុងបរិមាណ៩០ភាគរយ អ្នកទាំងឡាយនោះ ខ្លះបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗ នៅជនបទថ្លៃភ្លើងខ្ពស់ជាង ២,០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី លើសពី២,០០០រៀល នាបច្ចុប្បន្ន។
ថ្លែងក្នុងទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែមេសានេះ លោក វិចទ័រ ហ្សូនា បានលើកឡើងថា ការផ្គត់ផ្គង់ថាមពលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព បានមកពីប្រេងដែលចូលរួមការផលិតតែ ៥ភាគរយទេ ហើយការផលិតពីវារីអគ្គិសនី គឺមាន៣៣ភាគរយ ពីធ្យូងថ្មមានបរិមាណប្រហាក់ប្រហែល៣២ភាគរយ។ ចំណែកការនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ ឡាវ វៀតណាម មានប្រមាណ៣៥ភាគរយ ព្រមទាំងបានមកពីថាមពលផ្សេងទៀត គឺប្រមាណ ២ភាគរយ ៕ ដោយ៖ ប៊ុនធឿន