កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ជាយូរមកហើយស្វះស្វែងរកការប្តូរផ្លាស់ឲ្យបានសមរម្យចំពោះយន្តហោះ ប្រភេទ Tornado ដែលមានអាយុកាលកាន់តែចាស់ ដាក់ប្រើប្រាស់តាំងពីឆ្នាំ១៩៨៣ រហូតមកនោះ ។
រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា យន្តហោះចម្បាំង Tornado បំពាក់គ្រាប់បែកនុយក្លេអ៊ែរ ដែលមានអាយុចាស់ អាចនឹងជំនួសដោយយន្តហោះចម្បាំង Eurofighters និងយន្តហោះ F-18 ពីក្រុមហ៊ុនប៊ូអ៊ីង មូលដ្ឋាននៅអាមេរិក ។ គម្រោងផែនការមួយនេះបាននាំឲ្យខឹងសម្បារខ្លាំងពីគណបក្សសង្គមប្រជាធិបតេយ្យ (SPD)។ នេះបើតាមការផ្សាយរបស់ប្រភព AFP។
អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ Arne Collatz-Johannsen បានប្រាប់អ្នកកាសែតនៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា ការសម្រេចផ្លូវការមួយនឹងបញ្ជូនទៅកាន់គណៈកម្មការការពាររបស់សភា Bundestag «នៅថ្ងៃឆាប់ៗខាងមុខ» ។
អ្នកនាំពាក្យបានបញ្ជាក់ថា យើងបានផ្តល់អនុសាសន៍ចម្រុះមួយក្នុងដំណោះស្រាយ ដែលអាចរក្សាឧស្សាហកម្មការពារជាតិអឺរ៉ុបឲ្យនៅតែមានសមត្ថភាព ហើយអ្វីបន្ថែមទៀតនោះ ទាក់ទងតិចជាង៣ភាគ នៃចំនួនសរុប អាចជាអ្នកផ្គត់ផ្គង់មិនមែនជាក្រុមហ៊ុននៅអឺរ៉ុប ។
ប្រភពបន្តថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Annegret Kramp-Karrenbauer បានថ្លែងប្រាប់សមភាគីសហរដ្ឋអាមេរិក Mark Esper អំពីគម្រោងការនេះកាលពីចុងសប្តាហ៍កន្លង ។
ប្រភពមិនបញ្ចេញឈ្មោះ ត្រូវបានភ្នាក់ងារកាសែត AFP ដកស្រង់ចុះផ្សាយ ដោយអះអាងថា មុនដំបូង រដ្ឋាភិបាលមានផែនការទិញយន្តហោះចម្បាំង Eurofighters ផលិតដោយក្រុមហ៊ុនអ៊ែរបឺសចំនួន៩០គ្រឿង និងទិញយន្តហោះ F-18 ផលិតដោយក្រុមហ៊ុនប៊ូអ៊ីងចំនួន ៤៥គ្រឿង ហើយយន្តហោះ F-18s ចំនួន៣០គ្រឿងអាចនឹងបំពាក់ និងដឹកអាវុធនុយក្លេអ៊ែរអាមេរិក ។
ការសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ ដំណាលពេលគ្នានោះ បាននាំឲ្យមានការរិះគន់ពីសមាជិកគណបក្ស SPD ដែលជាដៃគូសម្ពន្ធភាពនយោបាយវ័យក្មេងជាមួយរដ្ឋាភិបាលលោកស្រី អេនហ្គេឡា ម៉ាកែល ។
ប្រធានគណៈកម្មការការពារជាតិរបស់សភាអាល្លឺម៉ង់លោក Wolfgang Hellmich បានថ្លែងក្នុងសន្និសីទកាសែតថា «មិនមានអ្វីត្រូវបានធ្វើឡើងដោយតម្លាភាពជាមួយពួកយើងសោះ ទោះតាមវិធីណាក៏ដោយ ហើយមកទល់ពេលនេះ យើងមិនទាន់ទទួលបានរបាយការណ៍អ្វីទាំងអស់»។
សមាជិកសភាគណបក្ស SPD នៅតែជំទាស់គម្រោងការរបស់ក្រសួងការពារជាតិ ទិញយន្តហោះចម្បាំងអាមេរិក ហើយដែលអាចបំពាក់គ្រាប់បែកនុយក្លេអ៊ែរ ។ ជាការឆ្លើយតបទៅវិញ ក្រសួងការពារជាតិអាល្លឺម៉ង់បានអះអាងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ Olaf Scholz នៃគណបក្ស SPD និងរដ្ឋមន្ត្រីក្រសួងការបរទេស Heiko Maas ត្រូវបានជូនដំណឹងរួចហើយអំពីរឿងទិញអាវុធនេះ ។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលខែកញ្ញាឆ្នាំ ២០១៩ លោក Kramp-Karrenbauer បានថ្លែងថា យន្ដហោះដែលត្រូវជ្រើសរើសដើម្បីជំនួសយន្តហោះ Tornado នោះ គួរតែអាចដោះស្រាយដោយរលូននូវតួនាទីពីររបស់យន្ដហោះអាយុចាស់ ។ នេះបញ្ជាក់ពីយន្ដហោះចម្បាំងដែលបម្រើការជាអ្នកបំផ្ទុះគ្រាប់បែកក្នុងសង្គ្រាមធម្មតា និងរក្សាសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B61 របស់អាមេរិក។
ដូចគ្នានេះផងដែរ កាលពីឆ្នាំមុន ទីក្រុងប៊ែកឡាំងបានបោះបង់ចោលផែនការរបស់ខ្លួនក្នុងការទិញ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុន Lockheed Martin ដែលមានសមត្ថភាព ប្រតិបត្តិការទាំងការវាយប្រហារលើដី និងបេសកកម្មនៅលើអាកាស ក្នុងគោលបំណងដើម្បីជំនួសយន្តហោះ Tornados ដែលបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០មកនោះ៕ ប្រែសម្រួលដោយ៖ thach yat