សារព័ត៌មាន Business Insider នៅថ្ងៃទី២០ ខែមេសា បានផ្សាយថា ទាហាន១៥ពាន់នាក់ត្រូវបានកាត់ផ្តាច់ ក្រោយចូលរួមហ្វឹកហាត់ នៅទីក្រុងមូស្គូ ត្រៀមព្យុហយាត្រា នៅខែឧសភា ខាងមុខ។ ប៉ុន្តែពិធីនោះត្រូវបានលុបចោល ដោយសារមានអ្នកឆ្លងកូវីដ១៩ កាន់តែច្រើនឡើង នៅក្នុងប្រទេសនេះ។
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ២០ខែមេសា បានបញ្ជាក់ថា ទាហាន បានបញ្ជូនទៅកាន់ទីតាំងយោធា ហើយបានកាត់ផ្តាច់ ក្នុងរយៈពេល១៤ថ្ងៃ។ ចំណែកសព្វាវុធ ដែលបានបញ្ជូនទៅទីក្រុងមូស្គូនោះ ក៏បានបាញ់ថ្នាំសម្លាប់វីរុសផងដែរ។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា តើមានទាហានឆ្លងកូវីដ១៩ដែរឬទេ?
នេះជាលើកទីមួយដែលរុស្ស៊ីផ្អាកដង្ហែក្បួនព្យុហយាត្រា ថ្ងៃជ័យជម្នះ ថ្ងៃទី៩ ខែឧសភា ហើយពិធីនេះធ្លាប់តែធ្វើឡើង នៅទីក្រុងមូស្គូជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០២០នេះ ក៏បានត្រៀមទាហាន១៥ពាន់នាក់មកហ្វឹកហាត់ ប៉ុន្តែដោយសារតែមានអ្នកឆ្លង ច្រើន ទើបរុស្ស៊ីសម្រេចលុបចោលវិញ។
បច្ចុប្បន្នរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង៤៧ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់ ៤០៥នាក់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO