រាជធានីភ្នំពេញ៖ យើងបានរកឃើញជម្រករ៉ែមាសមួយ ដែលមានទីតាំងនៅក្នុងតំបន់ ដែលហៅថា តំបន់ អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយយើងសង្ឃឹមថា នឹងអាចមានផលិតផលមាសរបស់កម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខ ។
នេះបើតាមលោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា អាជីវកម្មឧស្សាហកម្ម ខ្នាតអន្តរជាតិ នៅក្នុងតំបន់ ដែលហៅថាតំបន់អូរខ្វាវនេះ នឹងអាចមានផលិតផលមាសរបស់កម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខនេះ ទៅតាមផែនការ។
សូមបញ្ជាក់ថាកន្លងមកមានក្រុមហ៊ុនបរទេស ជាច្រើនបានសិក្សាស្រាវជ្រាវនៅបណ្តាខេត្តមួយចំនួននៅកម្ពុជាអំពីរ៉ែមាស តែកន្លងមកមិនទាន់មានការធ្វើអាជីវកម្មធំដុំនៅឡើយទេ។ កន្លងមកនៅមានបងប្អូនខ្មែរមួយចំនួនបង្កើតអាជីវកម្មរ៉ែនៅតំបន់ចុងផ្លាស់ខេត្តមណ្ឌលគិរី ដែលត្រូវអនុញ្ញាតដោយអជ្ញាធរ ប៉ុន្តែដោយសារតែ ប្រជាពលរដ្ឋមិនគោរពតាមច្បាប់ដែលតម្រូវឲ្យជីកជម្រៅចុះក្រោមត្រឹម៥ម៉ែត្រ អាជីវកម្មទាំងនោះក៏ត្រូវបានបញ្ឈប់ទាំងអស់៕ ដោយ៖ ប៊ុនធឿន