ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំការផ្សាយផ្ទាល់ នូវការបង្រៀនកម្មវិធីអប់រំពហុភាសា តាមស្ថាននីយវិទ្យុផ្សាយសម្លេងរបស់ខេត្តរតនគិរី និងមណ្ឌលគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
ក្រសួងអប់រំបញ្ជាក់ថា ការបង្រៀនពីចម្ងាយនេះ ធ្វើឡើងដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងដើម្បីផ្តល់ឳកាសជូនដល់កុមារ សិស្សានុសិស្ស ជនជាតិដើមភាគតិច ដែលរៀនកម្មវិធីអប់រំពហុភាសាកម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន។
ការផ្សាយផ្ទាល់តាមស្ថានីយវិទ្យុផ្សាយសម្លេងក្នុងមានរយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំ២០២០ សម្រាប់កម្មវិធីអប់រំពហុភាសា ជាភាសាទំពូន និងគ្រឹង ក្នុងខេត្តរតនគិរី និងភាសាព្នងក្នុងខេត្តមណ្ឌលគិរី។ ការផ្សាយនេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តបានរៀបចំ និងជ្រើសរើសយកពេលវេលាសម្រាប់ផ្សាយ តាមតម្រូវការជាក់ស្តែងរបស់សហគមន៍៕ ដោយ៖ ប៊ុនធឿន