ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ ដែលអាចបង្កឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
បើយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ បានសង្កេតឃើញថា ជ្រលងសម្ពាធទាប អូសបន្លាយលើកម្ពុជាជាមួយនិងខ្យល់បក់សមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះធ្វើឱ្យចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមេសា នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងក្របខណ្ឌលើផ្ទៃប្រទេស ខណៈអាកាសធាតុក្ដៅនឹងអាចចុះថមថយមួយកម្រិត ស្ថិតក្នុងចន្លោះ ២៥ ទៅ ៣៥អង្សាសេ។
អាស្រ័យស្ថានភាពបែបនេះ ក្រសួងឧតុនិយមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ព្រោះរដូវវស្សាជិតឈានមកដល់ហើយ៕ ដោយ៖ តារា