ភ្នំពេញ៖ ចំនួន ៩ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពជាពុំមានករណីឆ្លងវីរុសកូវីដ១៩ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៣នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
គិតមកត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយចំនួន ១១០នាក់ ស្មើរនឹង ៩០,១៦ភាគរយ ធៀបនឹងចំនួនអ្នកផ្ទុកជំងឺកូវីដ១៩ ទាំងអស់ ដោយនៅក្នុងនោះមានមនុស្សស្រី ៣១នាក់ និងបុរស ៧៩នាក់។ ខណៈអ្នកកំពុងសម្រាកព្យាបាល សរុបនៅសល់ចំនួន ១២នាក់ ដោយនៅក្នុងនោះមានស្ត្រី ៧នាក់ និងបុរសចំនួន ៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ករណីជាះស្បើយទាំង ៣នាក់រួមមាន៖ បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ ៤៥ឆ្នាំ នៅខណ្ឌជ្រោយចង្វារ បានជាសះស្បើយហើយ ក្រោយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២លើក។ ម្នាក់ទៀត គឺជាជនជាតិចិន មានសញ្ជាតិកាណាដា អាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ននៅបឹងកេងកង១ បានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោមហើយ៕ ដោយ៖ តារា