ភ្នំពេញ៖ សាលារៀនភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ បានរៀបចំរួចជាស្រេច ក្នុងការសហការជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់សម្តេចតេជោ ក្នុងការពិនិត្យ និង ធ្វើតេស្តរកមេរោគកូវីដ១៩ របស់បងប្អូនកម្មករកម្មការិនី ដែលទើបត្រឡប់មកពីស្រុកកំណើតវិញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានណែនាំដល់សង្កាត់ទាំង ៧ ក្នុងការតាមដានត្រួតពិនិត្យ បងប្អូនកម្មករកម្មការិនី ដែលបានវិលត្រឡប់មកពីស្រុកកំណើត បន្តចុះសហការជាមួយម្ចាស់ផ្ទះ ឱ្យជាប់ជាប្រចាំ តាមបន្ទប់ផ្ទះជួលកម្មករ ធ្វើរបាយការណ៍ចំនួនស្ថិតិកម្មករជូនរដ្ឋបាលខណ្ឌ។
សង្កាត់ទាំង ៧ ត្រូវតាមដានបញ្ជីឈ្មោះរបស់ក្រុមគ្រូពេទ្យមណ្ឌល នៅពេលដែរកម្មករចុះមកពិនិត្យសុខភាព និងវាស់កម្ដៅ ដើម្បីកំណត់សញ្ញានូវមេរោគកូវីដ១៩ ជូនកម្មករកម្មការិនី ដែលត្រឡប់មកពីស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាបឋមសិក្សាភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះកម្មករ តាមតារាងរបស់ពេទ្យមណ្ឌល ដើម្បីចុះដល់ទីតាំង ក្នុងការតាមដានកម្មករឱ្យជាប់ក្នុងការធ្វើចត្តាឡីស័ក រយះពេល ១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ឌី រ័ត្នខេមរុណ ក៏បានបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យសុខភាព ជូនកម្មករកម្មការិនី ក្នុងកន្លែងគណៈបញ្ជាការស្រាលដែលជាចំណុចខ្ពស់ នៅក្នុងសាលាបឋមសិក្សាភូមិឬស្សីនោះមានដូចជា៖ ផ្នែកវាស់កម្ដៅ ពិនិត្យផ្នែករាងកាយ ហើយប្រសិនបើបងប្អូនកម្មករកម្មការិនី ដែលមានកម្ដៅ ក្រោម ៣៨ អង្សា ក្រុមគ្រូពេទ្យបានពន្យល់ណែនាំពួកគាត់ ដោយឱ្យនៅដាច់ដោយឡែកពីគេ គ្រប់រយៈពេល ១៤ថ្ងៃ ទើបមកពិនិត្យលើកទី២ ដើម្បីបញ្ជាក់សុខភាព ចូលបម្រើការងារវិញ។
សូមជម្រាបជូនថា គិតមកត្រឹមរសៀលម៉ោង ១៣៖០០ ថ្ងៃចន្ទ័ ទី២០ ខែមេសា ឆ្នាំ២០២០នេះ កម្មករកម្មការិនីដែលមកពិនិត្យស្វែងរកវីរុសកូវីដ១៩ ក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី មានចំនួន ២០នាក់ហើយ ដោយក្នុងនោះមានមនុស្សស្រី ១០នាក់៕ ដោយ៖ សាម