ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ លើកទី៧ នាខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅរៀបចំនៅឆ្នាំ២០២១វិញ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ។ នេះបើយោងតាមប្រសាសន៍លោក វ៉ាត់ ចំរើន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងនារៀងរាល់ខែសីហានោះ ត្រូវបានលើកពេលទៅធ្វើនៅឆ្នាំ២០២១វិញ ដោយគណៈកម្មការទទួលចុះឈ្មោះបានជម្រាបជូនដំណឹងដល់អ្នកចូលរួមរត់ប្រណាំងជាតិ និងអន្តរជាតិរួចរាល់ហើយ តាមរយៈគេហទំព័រ និងតាមការចុះឈ្មោះតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរខេត្តសៀមរាប ដែលតែងតែប្រារព្ធធ្វើឡើងនាខែធ្នូ ជាង២០ឆ្នាំកន្លងទៅនោះ គឺកំពុងស្ទង់មើលស្ថានការសិន។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា វិធានការនេះគឺយើងអនុលោមឱ្យស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដោយយើងពិនិត្យយ៉ាងល្អិតល្អន់ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ដែលយើងមិនអាចរៀបចំដោយចិត្តឯងនោះឡើយ ពោលគឺយើងត្រូវតែ គោរពឱ្យបាននូវវិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក៏ដូចជាស្របទៅនឹងស្មារតីរបស់អ្នកចូលរួមរត់ប្រណាំងទាំងអស់ផងដែរ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះទាំងអស់គ្នា៕ ដោយ៖ តារា