អ៊ីតាលី មានចំនួនអ្នកស្លាប់ធ្លាក់ចុះទាបគិតចាប់តាំងពីថ្ងៃទី១២ខែមេសា ចំណែកអេស្ប៉ាញវិញ ក៏មានអ្នកស្លាប់ទាបបំផុត មិនធ្លាប់មានក្នុងរយៈពេល១ខែកន្លងមក។ ទាំងនេះជាព័ត៌មានដ៏ល្អបំផុត សម្រាប់ប្រទេសទាំងពីរក៏ដូចតំបន់អឺរ៉ុបទាំងមូល។
កាលពីថ្ងៃទី១៩ ខែមេសា អ៊ីតាលីមានអ្នកស្លាប់ដោយកូវីដ១៩ តែ៤៣៣នាក់ប៉ុណ្ណោះ ជាចំនួនទាបបំផុតក្នុងរយៈពេល១សប្តាហ៍។តាមការលើកឡើងរបស់មន្ត្រីសុខាភិបាលអ៊ីតាលី ចំនួនអ្នកស្លាប់នៅថ្ងៃទី១៧ មាន៥៧៥នាក់ ថ្ងៃទី១៨ មាន៤៨២នាក់ ហើយថ្ងៃទី១៩មាន៤៣៣នាក់ ចំណែកថ្ងៃទី២០មិនទាន់មានតូលេខនៅឡើយដោយសង្ឃឹមថានឹងបន្តធ្លាក់ចុះទៀត។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២០ខែមេសា បានផ្សាយថា ចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៊ីតាលីក៏បានថយចុះផងដែរ ពី៣៤៩១នាក់ ធ្លាក់ចុះត្រឹម៣០៤៧នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Giuseppe Conte បញ្ជាក់ថា អ៊ីតាលី មិនទាន់អាចលុបច្បាប់គ្រាមានអាសន្នបាននៅឡើយទេ ប៉ុន្តែនៅតំបន់មួយចំនួនដែលមិនមានអ្នកឆ្លងនឹងអនុញ្ញាតឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ។
ចំណែកនៅក្នុងប្រទេសអេស្ប៉ាញ ក៏ដូចគ្នាដែរមានអ្នកស្លាប់ ៤១០នាក់ ក្នុងមួយថ្ងៃ ជាចំនួនទាបបំផុតក្នុងរយៈពេល១ខែ។ ចំនួនអ្ននស្លាប់ខ្ពស់បំផុតក្នុងប្រទេសនេះគឺនៅថ្ងៃទី ២ខែមេសា មានអ្នកស្លាប់កើនឡើងដល់៩៥០នាក់ក្នុងរយៈពេល២៤ម៉ោង៕ ប្រែសម្រួលដោយ៖ MEO