ភ្នំពេញ៖ ទីបំផុតប៉ុស្តិ៍ទូរទស្សន៍ ទទក២ ឬ ទទក-អប់រំ ដែលជាប៉ុស្តិ៍ថ្មីមួយ នៃទូរទស្សន៍ជាតិកម្ពុជា បានចាប់ផ្តើមសាកល្បងការផ្សាយរបស់ខ្លួនជាផ្លូវការហើយ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។ ប៉ុស្តិ៍ថ្មីនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា ប៉ុស្តិ៍ទទក២ ឬ ទទក-អប់រំ បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ខណៈសាលារៀននៅទូទាំងប្រទេសត្រូវបានបិទទ្វារ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះរាតត្បាតទូទាំងពិភពលោក។
សូមជម្រាបថា ប៉ុស្តិ៍អប់រំថ្មីនេះ នឹងចាក់ផ្សាយវីដេអូនៃការបង្រៀន ដោយផ្តោតទៅលើមុខវិជ្ជាសំខាន់ៗសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ចាប់ពីកម្រិតអប់រំកុមារតូច រហូតដល់ថ្នាក់ទី១២ ។ ការចាក់ផ្សាយនឹងប្រព្រឹត្តទៅ ២៤ម៉ោងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ ដែលក្នុងនោះចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២៤:០០យប់ ជាការផ្សាយវីដេអូនៃការបង្រៀនជាប្រចាំ ហើយពីម៉ោង ២៤:០០យប់ ដល់ម៉ោង៨:០០ព្រឹក ជាការចាក់ផ្សាយឡើងវិញ។
គួររម្លឹកថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោល់គ្នាស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលបំណងលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ក្នុងវិបត្តិការរីករាលដាននៃវីរុសកូវីដ១៩៕ ដោយ៖ តារា