អតីតប្រធានាធិបតីប្រេស៊ីល លោក Lula បានចោទប្រកាន់ប្រធានាធិបតីបច្ចុប្បន្ន លោក Bolsonaro កំពុងតែ«រុញពលរដ្ឋចូលផ្នូរ» ដោយសារតែសកម្មភាពខ្វះការទទួលខុសត្រូវ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រប្រឆាំងកូវីដ១៩ ក្នុងប្រទេសនេះ។ នៅពេលនេះ ប្រេស៊ីល មានអ្នកស្លាប់ដោយកូវីដ១៩ ជិត២៤០០នាក់ហើយ តែរដ្ឋាភិបាលមិនបានរឹតបន្តឹងការទប់ស្កាត់នោះឡើយ។
ប្រធានាធិបតីបច្ចុប្បន្ន លោក Bolsonaro បានប្រឆាំងនឹងច្បាប់គម្លាតសង្គម បម្រាមគោចរ។ មិនតែប៉ុណ្ណោះ លោកតែងតែជួបជុំគ្នា ហើយថែមទំាងដកតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Luiz Mandetta ដែលមានគោលនយោបាយប្រឆាំងនឹងកូវីដ១៩ ផ្ទុយពីរូបលោក។ សកម្មភាពខាងលើ ត្រូវបានអតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ថ្កោលទោសយ៉ាងខ្លាំងថា កំពុងតែសម្លាប់ពលរដ្ឋប្រេស៊ីល។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីប្រេស៊ីល Bolsonaro ក៏បានជំរុញ និងចូលរួមដោយផ្ទាល់ជាមួយពលរដ្ឋ ធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ហាមប្រាម។ កន្លងមក លោក Bolsonaroតែងតែបង្ហាញសកម្មភាពនៅទីសាធារណៈ ដោយមិនបានពាក់ម៉ាស់ការពារនោះឡើយ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីក៏បានស្នើដល់ពលរដ្ឋ មិនត្រូវ បារម្ភនោះឡើយ ពីការឆ្លងកូវីដ១៩ គ្រាន់តែការពារថែរក្សាសុខភាព ដូចទៅនឹងជំងឺផ្តាសាយធម្មតាបានហើយ។ ប្រធានាធិបតី Bolsonaro បញ្ជាក់ទៀតថា គ្មានអ្នកណាអាចរារាំងសេរីភាពចរាចរណ៍របស់ពលរដ្ឋបានឡើយ។
លោក Bolsonaro បានបញ្ជាក់ទៀតថា អាយុជីវិត គឺមានតម្លៃ មិនអាចកាត់ថ្លៃបាន ប៉ុន្តែសេដ្ឋកិច្ចត្រូវតែដំណើរការធម្មតា ដើម្បីឲ្យពលរដ្ឋមានការងារធ្វើធម្មតា សម្រាប់ចិញ្ចឹមជីវិត៕ប្រែសម្រួលដោយ៖ MEO