ការីនិពន្ធដ៏ល្បីល្បាញរបស់ស្ថានីយទូរទស្សន៍រដ្ឋចិន CGTN លោក Zou Yue ថ្មីៗនេះ បានលើកឡើងនូវប្រធានបទចម្រូងចម្រាស់នៅក្នុងស្ថានភាពពិភពលោក ពាក់ព័ន្ធការរាតត្បាតវីរុសកូវីដ ១៩ ដោយបានស្ថានភាពដ៏ពិបាកបំផុតនេះ កើតឡើងដោយសារការបន្ទោសបង្អាប់គ្នាទៅវិញទៅមក។
ក្នុងបទបង្ហាញលើកញ្ចក់ទូរទស្សន៍ CGTN ពិធីករ និងជាអ្នកព័ត៌មានរូបនេះ បានលើកឡើងថា ពេលខ្លះមនុស្សយើងតែព្រងើយកន្តើយ ក្នុងស្ថានភាពណាមួយ ខណៈហេតុផលផ្សេងៗ ក៏អាចធ្វើឲ្យបញ្ចេញសកម្មភាពឲ្យបានលឿនដូចគ្នា។ អំឡុងពេលនេះ សម្រាប់ហេតុផលរួមមក្នុងការប្រឈមមុខជាមួយវីរុសកូវីដ ១៩ ពិភពលោកទាំងមូល មានទាំងចិន ជប៉ុន ប្រជាជាតិអឺរ៉ុប សហរដ្ឋអាមេរិក សុទ្ធតែកំពុងតស៊ូប្រយុទ្ធប្រឆាំង ក្រោមហេតុផលខុសៗគ្នា។
ក្នុងនោះ ចិនបានបារម្ភខ្លាំង ប្រហែលជាអាចប្រព្រឹត្តកំហុស ក្នុងការប្រកាសអាសន្នយឺតយ៉ាវ នាំឲ្យមានបញ្ហាធ្ងន់ធ្ងរដែលកើតឡើងអំឡុងខែមករាកន្លងទៅ ជាពេលរដ្ឋាភិបាលចិន បានដឹងតិចតួចពាក់ព័ន្ធស្ថានភាពនៃការឆ្លងរាតត្បាតវីរុសកូវីដ ១៩។ ប៉ុន្តែ នៅពេលរដ្ឋាភិបាលចិន សម្រេចបិទទីក្រុងអ៊ូហាន ទាំងមូល ករណីឆ្លងសរុប គឺមានត្រឹម ៥៧០ករណី ក្នុងនោះមានអ្នកស្លាប់ត្រឹម ១៧នាក់ប៉ុណ្ណោះ។ ជាមួយតួលេខនេះ យើងអាចនិយាយបានថា ជាការជូនដំណឹង មិនមែនប្រកាសអាសន្ននោះឡើយ ប៉ុន្តែរដ្ឋាភិបាលចិន បានសម្រេចបញ្ចេញសកម្មភាពខ្លាំងបំផុតដើម្បីគ្រប់គ្រងស្ថានការណ៍ ដោយតម្រូវឲ្យបិទខេត្តហ៊ូប៊ី ទាំងមូល ដែលមានទំហំស្មើ និងប្រទេសព័រទុយហ្គាល់ និងហុងគ្រី មកបញ្ចូលគ្នា។
ប៉ុន្តែទោះជាយ៉ាងនេះក្តី មួយខែក្រោយមក ទំហំនៃការរីករាលដាលវីរុស ពិតខុសឆ្ងាយខ្លាំង ដោយនៅចុងខែកុម្ភៈ ពិសេសទៅលើបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក ជាដើម ដែលបានជ្រើសព្រងើយកន្តើយជាមួយស្ថានការណ៍ ដោយសារពួកគេមានកិច្ចការងារជាច្រើនទៀតត្រូវខ្វាយខ្វល់ ដូចជាជប៉ុន បារម្ភពីព្រឹត្តិការណ៍អូឡាំពិក មិនចង់ពន្យារពេល អឺរ៉ុបកំពុងខ្វាយខ្វល់ជីវិតរស់នៅប្រចាំថ្ងៃដ៏ស៊ីវីល័យរបស់ពលរដ្ឋខ្លួន ខណៈសហរដ្ឋអាមេរិក ក៏កំពុងខឹងសម្បារ ទៅនឹងបណ្តាប្រទេសមានសេដ្ឋកិច្ចយក្សដែលប្រជែងជាមួយខ្លួនទៅវិញ។
លោក Zou បានចោទជាសំណួរថា គួរតែបន្ទោសប្រទេសទាំងនោះដែរទេ? យើងគួរតែបន្ទោស ប៉ុន្តែត្រូវដឹងថា មនុស្សទាំងអស់ គឺមានទស្សនវិស័យខុសៗគ្នា ពេលខ្លះយើងអាចគិតត្រូវ ប៉ុន្តែពេលខ្លះយើងក៏អាចខុសបានដែរ។
ជាក់ស្តែង ថ្មីៗនេះ អាមេរិក បានស្តីបន្ទោស WHO ថាគ្រប់គ្រងការរាតត្បាតវីរុសមិនបានល្អ ដោយសម្រេចចិត្ត ផ្អាកជំនួយទៅកាន់អង្គការសុខភាពធំបំផុតលើលោកមួយនេះ។ ប៉ុន្តែកាលពីឆ្នាំ ២០០៩ អង្គការមួយនេះ ធ្លាប់រងការស្តីបន្ទោសដូចគ្នា ក្រោមហេតុផលផ្សេងមួយ ដោយសារបញ្ចេញសកម្មភាពរបស់ខ្លួនលើសជ្រុលហួសទៅវិញ ពោលគឺនៅពេល WHO ប្រកាសជំងឺផ្តាសាយជ្រូក នៅមិចស៊ីកូ ជាជំងឺរាតត្បាតសកល ព្រោះតែជំងឺពេលនោះ ទំនងជារាតត្បាតខ្លាំង និងលឿនបំផុត នាំឲ្យពិភពលោក ប្រមែលប្រមូលថវិការជំនួយ និងធនធានជាច្រើនដើម្បីចូលរួមទប់ស្កាត់ជំងឺផ្តាសាយជ្រូក ប៉ុន្តែជាមួយអត្រាស្លាប់ត្រឹម ០,០១% ក្នុងចំណោមអ្នកឆ្លងជំងឺនេះ គឺទាបជាងអត្រាស្លាប់អំឡុងរដូវជំងឺផ្តាសាយចូលមកដល់ ជាហេតុនាំឲ្យពិភពលោក ស្តីបន្ទោស WHO ប្រកាសអាសន្នលើសព្រំដែន ឬលើសស្ថានការណ៍ជាក់ស្តែងទៅវិញ។
ពិតណាស់ យើងទាំងអស់គ្នា ជាមនុស្សលោកដូចគ្នា យើងសុទ្ធតែអាចមានកំហុសដូចគ្នា ពិសេសបញ្ហាខ្វះខាតទិន្នន័យពិតប្រាកដ និងឆាប់មានសតិអារម្មណ៍ ប៉ុន្តែចំពោះមុខគឺថា អ្នកវិទ្យាសាស្ត្ររបស់យើងទាំងអស់ គឺជាទិន្នន័យល្អបំផុត ដែលយើងមានស្រាប់។
នៅក្នុងកាលៈទេសៈទាន់ហន់ដំបូង យើងអាចនឹងខ្វះខាតការប្រមូលទិន្នន័យប្រាកដមែន អ្នកវិទ្យាសាស្ត្រដឹងច្បាស់រឿងនេះ ប៉ុន្តែមជ្ឈដ្ឋានសាធារណៈ មិនដឹងពីរឿងនេះទេ អ្វីពួកយើងរំពឹងចង់បាន គឺទិន្នន័យច្បាស់លាក់ ជាក់លាក់ ប៉ុន្តែជាអកុសល ជាមួយការផ្ទុះរាតត្បាតវីរុសថ្មីនេះ វាបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ នាំឲ្យយើងកាន់តែងាយស្រួលទទួលបានអ្វីពីបរិបទពិភពលោកយើងនេះ គឺការស្តីបន្ទោសនេះតែម្តង។
មនុស្សជាច្រើននិយាយថា វីរុសកូវីដ ១៩ កើតឡើងដោយសារតែពលរដ្ឋចិនយកសត្វប្រចៀវធ្វើជាអាហារ ហើយការឆ្លងរាលដាល ធ្ងន់ធ្ងរបែបនេះ គឺដោយសារមានមនុស្សលាក់បាំងព័ត៌មាន។ ស្តាប់សម្តីពីគេនិយាយដូចជាត្រូវណាស់ និងធ្វើឲ្យយើងគិតថា វាជារឿងត្រឹមត្រូវ ប៉ុន្តែពួកគេមិនមានហេតុផលពិតប្រាកដនោះទេ ហើយវាមើលទៅជាសារធម្មតាមួយ ប៉ុន្តែបានបង្កប់នូវហានិភ័យ ពិសេសមិនអាចធ្វើឲ្យយើងសម្លឹងរកឃើញកំហុសខ្លួនឯងទៅវិញ។
បើសិនជាប្រទេសចិន មិនបន្ទាបខ្លួន ហើយខឹងសម្បាររឿងចោទប្រកាន់នេះ ចិនប្រហែលជាមិនអាចរៀបចំប្រព័ន្ធសុខាភិបាលមួយទាន់ពេលវេលានោះដែរ។ បើអឺរ៉ុប មិនមានមោទនភាពចំពោះខ្លួនឯងទេនោះ ពួកគេក៏មិនអាចបង្កើតសហភាពរឹងមាំមួយដូចពេលនេះដែរ ហើយបើសហរដ្ឋអាមេរិក មិនធ្វេសប្រហែសជាមួយស្ថានការណ៍នោះ ពួកគេក៏អាចដោះស្រាយចន្លោះប្រហោងទន់ខ្សោយក្នុងប្រព័ន្ធសុខាភិបាលរបស់ខ្លួនបានទាន់ពេលដូចគ្នា។
ល្បែងស្តីបន្ទោសគ្នាពេលនេះ កំពុងតែធ្វើឲ្យកម្តៅនយោបាយពិភពលោក កាន់តែក្តៅខ្លាំង ក៏នឹងធ្វើឲ្យមនុស្សកាន់តែយល់ច្រឡំទាំងមិនបានបញ្ញារបស់ខ្លួនក្នុងការត្រិះរិះ វានឹងធ្វើឲ្យយើងកាន់តែបាត់បង់ឱកាស ក៏ដូចជាខ្វះការប្រុងប្រយ័ត្ន។
ដូចស្ថាតភាពពេលនេះ វាធ្លាប់កើតឡើងកាលពីអតីតកាល នឹងកំពុងរាតត្បាតនៅពេលនេះ ហើយក៏អាចរាតត្បាតទៅថ្ងៃអនាគត ខណៈបើទោះជាការឆ្លើយតបនឹងស្ថានការរបស់យើងទាំងអស់គ្នា នៅមិនទាន់ល្អគ្រប់ជ្រុងជ្រោយនៅឡើយ ប៉ុន្តែពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺមានភាពកាន់តែប្រសើរឡើង ព្រោះយើងបានរៀនដឹងពីអ្វីដែលថ្មី។
យើងទាំងអស់គ្នា ធ្លាប់ប្រយុទ្ធឈ្នះជំងឺថ្មីៗជាច្រើន រាប់ទាំងជំងឺ Sars ហេតុនេះ យើងនៅតែមានឱកាសច្រើនអាចប្រយុទ្ធឈ្នះជំងឺកូវីដ ១៩ បាន ប៉ុន្តែវាត្រូវការពេលវេលា ហើយអ្វីសំខាន់បំផុតនោះ យើងទាំងអស់គ្នាត្រូវមានភាពស្មោះត្រង់ និងចេះបន្ទាបខ្លួន ហើយចំណុចមួយអាចឲ្យយើងធ្វើរឿងនេះបាន គឺការពិតចេញទិន្នន័យ និងវិទ្យាសាស្ត្រ ដោយទិន្នន័យជាអ្នកប្រាប់យើងថា ថ្នាំណាអាចជួយព្យាបាលជំងឺនេះបាន មិនមែនអ្នកនយោបាយជាអ្នកប្រាប់នោះឡើយ។ ទិន្នន័យ នឹងប្រាប់យើងច្បាស់ថាវីរុសនោះកើតចេញពីកន្លែងណា មិនមែនបណ្តាសមាជិកសភាជាអ្នកប្រាប់នោះឡើយ ពិសេសត្រូវជឿនៅពេលអ្នកវិទ្យាសាស្ត្រនិយាយថា យើងមិនទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយ។
ការពិតនោះ គឺមិនត្រូវអត្តនោម័តិលើអ្វីយើងគិត ឬតួនាទីយើង យើងជាអ្នកណានោះទេ ព្រោះធ្វើបែបនេះ នឹងនាំឲ្យយើងមានអារម្មណ៍គ្មាផាសុកភាព ហើយបើយើងជាមនុស្សឆ្លាត ត្រូវទទួលស្គាល់ការពិតកើតឡើងលើពិភពលោកនេះ មិនមែនអ្វីដែលយើងចង់បាននោះឡើយ។ ដោយ៖ សុភា