បើតាមការចេញផ្សាយរបស់ប្រភព AP នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះ ១១,៧ ភាគរយ នៅក្នុងខែមីនា ខណៈដែលកូរ៉ូណាវីរុស ឬកូវីដ១៩ បានឆ្លងរាតត្បាត ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិក ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន នៅថ្ងៃទី២០ ខែមេសា បានថ្លែងថា ការនាំចេញទៅកាន់អាមេរិកបានធ្លាក់ចុះ ១១,៥ ភាគរយ នៅក្នុងខែមីនា ប្រៀបធៀបកាលពីឆ្នាំមុន, ខណៈការនាំចេញទៅកាន់ប្រទេសចិន ធ្លាក់ចុះ ៨,៧ ភាគរយ ។
ពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងឆាប់រហ័ស កាលពីពេលថ្មីៗនេះ ដោយសារការរឹតបន្តឹងការធ្វើដំណើរ និងចាក់សោ ឬបិទប្រទេស ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាតត្បាតពីកូរ៉ូណាវីរុស។ ទស្សនវិស័យ ស្ថិតក្នុងសភាពអាក្រក់ ដោយអង្គការរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកកំពុងតម្រង់ក្បាលចុះដ៏អាក្រក់បំផុត ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ១៩៣០នោះមក ។
ការនាំចូលសរុបរបស់ជប៉ុន ក្នុងខែមីនា វិញ ក៏បានធ្លាក់ចុះ៥,០ ភាគរយ ផងដែរ។ នេះបើយោងតាមតួលេខបណ្តោះអាសន្ន ដោយមិនកែតម្រូវតាមរដូវកាលនោះទេ។
សេដ្ឋកិច្ច នៃប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ជប៉ុន បាននិងកំពុងធ្លាក់ចុះបំផុត ចាប់តាំងពីឆ្នាំ១៩៦០ រហូតមក ។ នេះបើតាមប្រភពព័ត៌មានផ្សាយប្រចាំនៅទីក្រុងប៉េកាំង ។
លោក Yoshimasa Maruyama ប្រធានសេដ្ឋវិទូប្រចាំនៅក្រុមហ៊ុនមូលបត្រ SMBC Nikko បានទម្លាក់ការព្យាកររបស់គាត់ អំពីសេដ្ឋកិច្ចរបស់ជប៉ុន ដោយលោកបានអះអាងថា នឹងធ្លាក់ចុះអត្រា ប្រចាំឆ្នាំ ២១ ភាគរយ ក្នុងត្រីមាសទីមួយ ។
ការព្យាករណ៍មុននេះ បានបញ្ជាក់ថា នឹងមានការធ្លាក់ចុះ ១៤ ភាគរយ ។ រដ្ឋាភិបាលដែលបានស្នើឲ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះកាលពីដើមខែនេះ បានធ្វើឲ្យមានការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ ។ លោក Yoshimasa Maruyama បានថ្លែងបែបនេះ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
រដ្ឋាភិបាលជប៉ុនបានស្នើឲ្យប្រជាជនបញ្ឈប់ការធ្វើដំណើរដែលមិនមានសារសំខាន់ និងជំរុញអាជីវកម្មជាច្រើនឲ្បបិទទ្វារទូទាំងប្រទេស ដែលជាកិច្ចប្រឹងប្រែងមួយ ទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុស COVID-19។
អ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត នៅជប៉ុន មានសរុបប្រហែល២៥០នាក់ ។ នេះបើយោងតាមតួលេខរបស់ សាកលវិទ្យាល័យ Johns Hopkins ។ ប៉ុន្តែករណីថ្មីបានកើនឡើង នៅពេលថ្មីៗនេះ ជាពិសេសនៅទីក្រុងតូក្យូ និងទីប្រជុំជនដទៃផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ thach yat