ក្រុមចោរប្លន់ប្រដាប់ដោយអាវុធ បានជិះម៉ូតូប្រមាណ១៥០គ្រឿង វាយប្រហារ នៅក្នុងភូមិ ស្ថិតនៅស្រុក Dutsenma, Danmusa និង Safana ហើយបាញ់រះទៅលើពលរដ្ឋ និងដុតផ្ទះ បណ្តលឲ្យពលរដ្ឋ រហូតដល់ទៅ៤៧នាក់ស្លាប់។
មន្ត្រីសន្តិសុខនីហ្សេរីយ៉ា បានឲ្យដឹង នៅថ្ងៃទី១៩ ខែមេសាថា មានពលរដ្ឋដល់ទៅ៤៧នាក់បានស្លាប់ ដោយការវាយប្រហារប្លន់ពីក្រុមចោរប្រដាប់អាវុធ នៅក្នុងរដ្ឋ Katsina។ អ្នកនាំពាក្យស្នងការប៉ូលិស ក្នុងតំបន់ លោក Gambo Isah បានបញ្ជាក់ថា កម្លាំងសន្តិសុខ ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍នោះដែរ។
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari បានថ្កោលទោសយ៉ាងខ្លាំងដល់ សកម្មភាពវាយប្រហារខាងលើ ។ លោកបានសន្យាថានឹងចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់ការវាយប្រហារទៅលើពលរដ្ឋ។
ភូមិស្រុកជាច្រើន នៅក្នុងរដ្ឋ Katsina តែងតែរងការវាយប្រហារពីក្រុមចោរប្លន់ប្រដាប់អាវុធ។ កាលពីខែកុម្ភៈ នៅភូមិ Tsauwa និង Dankarក៏រងការវាយប្រហារប្លន់ បណ្តាលឲ្យពលរដ្ឋ៣០នាក់ស្លាប់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO