កូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបដិសេធថា លោកមិនបានផ្ញើលិខិតណាមួយទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនោះឡើយ។ នេះបើតាមប្រភព KCNA ផ្សាយដោយដកស្រង់ពីខ្លឹមសារសង្ខេប នៃសន្និសីទកាសែតរបស់មន្ត្រីមួយរូបនៃក្រសួងការបរទេសកូរ៉េខាងជើង ។
ការបដិសេធអំពីការផ្ញើលិខិតនេះ នៅក្រោយពីលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ថ្មីៗបានទទួល «សំបុត្រដ៏ល្អ»មួយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី១៨ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន ថា «យើងកំពុងតែល្អជាមួយកូរ៉េខាងជើង» ។ ដោយនិយាយអំពីការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបែបនោះ, ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងថា «លោក (ដូណាល់ ត្រាំ) អាចយោងទៅលើលិខិតឯកជន ដែលបានផ្លាស់ប្តូរគ្នា កាលពីអតីតកាល អីក៏យើងមិនដឹងច្បាស់»។ ប៉ុន្តែមិនមានលិខិតណាមួយ អំឡុងពេលថ្មីៗនេះរបស់មេដឹកនាំកូរ៉េខាងជើង ផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកនោះឡើយ ។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកូរ៉េខាងជើង ត្រូវបានប្រភព KCNA ដកស្រង់ចុះផ្សាយថា ទំនាក់ទំនងរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង «មិនមែនជាបញ្ហាដែលត្រូវលើកយកមកសម្រាប់បង្វែរចំណាប់អារម្មណ៍នោះទេ ហើយវាក៏មិនគួរត្រូវបានប្រើប្រាស់ខុស ក្នុងគោលបំណងអាត្មានិយមនោះដែរ»។
មន្ត្រីមួយរូបនៃខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែមេសា បានប្រាប់ក្រុមអ្នកកាសែតថា លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលិខិតមេដឹកនាំកូរ៉េខាងជើង ប្រាប់ដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អំឡុងពេលសន្ទនាគ្នា តាមទូរស័ព្ទ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ជូនលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងកាលពីខែមីនា ឆ្នាំ២០២០ ហើយកូរ៉េខាងជើង បានអះអាងថា នេះជាសញ្ញា ស្ដីអំពី «ទំនាក់ទំនងផ្ទាល់ខ្លួនពិសេស និងរឹងមាំមួយ» រវាងមេដឹកនាំទាំងពីរ បើទោះជាមានការប្រឈមថ្មីៗនេះក៏ដោយ៕ ប្រែសម្រួលដោយ៖ thach yat