យ៉ាងតិចមនុស្ស១៣នាក់បានស្លាប់ ក្នុងអំពើបាញ់រះ នៅក្នុងខេត្ត Nova Scotia របស់ប្រទេសកាណាដា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ហើយឃាតកបានស្លៀកពាក់ឯកសណ្ឋាន បន្លំធ្វើជាប៉ូលិស។ នេះជាការបាញ់ប្រហារសម្លាប់រង្គាលបំផុតរបស់កាណាដា ក្នុងប្រវត្តិសាស្ត្រ៣០ឆ្នាំកន្លងមក។
តាមការចេញផ្សាយរបស់ប្រភព AP នៅថ្ងៃទី២០ ខែមេសា បញ្ជាក់ថា ឃាតកបានស្លាប់ផងដែរ នៅពេលក្រោយមក ហើយមូលហេតុនៃការបាញ់ប្រហារសម្លាប់រង្គាលនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេត ។
មន្ត្រីប៉ូលិសស្ថិតក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត នៅខាងក្នុង និងខាងក្រោយលំនៅឋាន ក្នុងតំបន់ទីក្រុងជនបទ Portapique មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ នាភាគខាងជើងទីក្រុង Halifax ប្រទេសកាណាដា ។ តំបន់ទាំងនោះស្ថិតនៅក្រោមគោលការណ៍ណែនាំរបស់ប៉ូលិស តម្រូវឲ្យប្រជាជន ស្ថិតនៅក្នុងផ្ទះ នៅពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។ ប៉ូលិសបញ្ជាក់ថា លំនៅឋានច្រើនខ្នង នៅក្នុងតំបន់ ក៏ត្រូវភ្លើងឆេះផងដែរ ។
ប៉ូលិសបានបញ្ជាក់ថា ជនបាញ់ប្រហារឈ្មោះ Gabriel Wortman អាយុ៥១ឆ្នាំ ដែលកាលពីមុនធ្លាប់រស់នៅក្នុងសហគមន៍ Portapique ខេត្ត Nova Scotia ។ ប៉ូលិសបញ្ជាក់ថា ខ្មាន់កាំភ្លើងបានបន្លំខ្លួនធ្វើជាប៉ូលិសមួយរូប និងតូបតែងរថយន្តរបស់ខ្លួនដូចទៅនឹងរថយន្តរបស់កងកម្លាំងប៉ូលិសកាណាដា។
ជននេះត្រូវចាប់ខ្លួនដោងកម្លាំងសមត្ថកិច្ចនៅស្ថានីយប្រេងឥទ្ធនៈមួយកន្លែងក្នុងតំបន់ Enfield ខាងក្រៅទីក្រុង Halifax ។ ក្រោយមកប៉ូលិសបញ្ជាក់ថា ជននេះបានស្លាប់។
អ្នកនាំពាក្យកងកម្លាំងប៉ូលិស Daniel Brien បានបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ ហើយថា នេះជាករណីបាញ់សម្លាប់ដ៏រង្គាលបំផុតនៅកាណាដាក្នុងរយៈពេល៣០ឆ្នាំ ៕ ប្រែសម្រួលដោយ៖ thach yat