ប៉ូលិសនិងមន្រ្តីអន្តោប្រវេសន៍បានរឹតបន្តឹងច្រកព្រំដែននៅក្នុងស្រុក Su-ngai Kolok នៃខេត្ត Narathiwat បន្ទាប់ពីពលករចំណាកស្រុកថៃជាង ៣០០នាក់នៅប្រទេសម៉ាឡេស៊ីបានត្រឡប់ចូលប្រទេសថៃវិញដោយខុសច្បាប់។
ពលករចំណាកស្រុកចំនួន ៣៤៤នាក់ ដែលភាគច្រើនធ្វើការនៅចម្ការកៅស៊ូនិងនៅលើទូកនេសាទក្នុងប្រទេសម៉ាឡេស៊ីបានវិលត្រឡប់មកស្រុកថៃវិញកាលពីម្សិលមិញនៅពេលដែលព្រំដែនម៉ាឡេស៊ីបានបើកឡើងវិញ ប៉ុន្តែមានមនុស្សតែ ៩១នាក់ប៉ុណ្ណោះដែលបានចុះឈ្មោះជាមុនហើយក្នុងចំណោម៩១នាក់នោះ មានតែ ៤៨នាក់ប៉ុណ្ណោះដែលមានឯកសារត្រឹមត្រូវ។ យោងតាមប៉ូលិសម្នាក់បានឱ្យដឹងថា ជនភៀសខ្លួនជាង ៣០០នាក់មិនមានឯកសារផ្លូវការនោះទេហើយពួកគេបានឆ្លងកាត់តាមប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន៍ ក្រោយមកពួកគេត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននិងពិន័យជាប្រាក់ចំនួន ៨០០បាត។
ប្រភពដដែលបានបន្តថា ក្នុងការមកដល់ដោយខុសច្បាប់ ពួកគេអាចនឹងត្រូវចុះឈ្មោះក្នុងបញ្ជីខ្មៅដែលធ្វើឱ្យពួកគេមិនអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីវិញដោយស្របច្បាប់បានទេ។ លោក Kriangkrai Srirak មេបញ្ជាការរងនៃតំបន់កងទ័ពទី៤ នៅថ្ងៃនេះបានចុះត្រួតពិនិត្យព្រំដែនធម្មជាតិដែលមិនទាន់មានសញ្ញាថាមានអ្នកឆ្លងកាត់នៅឡើយ បន្ទាប់ពីមានមនុស្សលួចចូលក្នុងប្រទេសដោយខុសច្បាប់ជាច្រើនកាលពីម្សិលមិញ។ ឥឡូវនេះអាជ្ញាធរបានកំណត់ចំនួនអ្នកត្រឡប់មកប្រទេសវិញត្រឹមចំនួន ១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD