អាមេរិកបានបញ្ចេញយន្តហោះឈ្លបការណ៍ ហោះហើរចូលកៀកឧបទ្វីបកូរ៉េកាលពីពីរបីថ្ងៃកន្លងមកនេះ ដែលជាសកម្មភាពពង្រឹងការត្រួតពិនិត្យ និងយកការណ៍របស់ខ្លួនទៅលើកូរ៉េខាងជើង ។
តាមការចេញផ្សាយរបស់ប្រភពព័ត៌មានកូរ៉េខាងត្បូង Arirang កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា ក្រុមតាមដានជើងហោះហើរបានបញ្ជាក់ថា យន្តហោះចារកម្ម RC-135-U របស់កម្លាំងជើងអាកាសអាមេរិក បានចេញប្រតិបត្តិការកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ស្ថិតនៅពីលើសមុទ្រខាងកើត បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ។
ប្រភពបន្តថា នៅថ្ងៃមុនការចេញប្រតិបត្តិការយន្តហោះស៊ើបការណ៍នោះ, អាមេរិកក៏បានហោះហើរយន្តហោះចារកម្មប្រភេទ E-8C Joint Stars នៅពីលើប្រទេសកូរ៉េខាងត្បូងផងដែរ ។
នាយអគ្គសេនាធិការកងកម្លាំងចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងថា ការបាញ់សាកល្បងរបស់កូរ៉េខាងជើង នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លី នោះ «មិន» គំរាមកំហែង ឬបង្កហេតុ ដល់អាមេរិកឡើយ ។
លោកបានថ្លែងថា ការបាញ់មីស៊ីលនោះ កូរ៉េខាងជើងបានផ្សាភ្ជាប់ទៅនឹងទិវារំលឹកខួបរបស់មេស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ៕ ប្រែសម្រួលដោយ៖ thach yat