អង្គការសហប្រជាជាតិបានបញ្ជាក់ថា កូរ៉េខាងជើង បានរំលោភបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងទម្រង់ផ្សេងៗគ្នា ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន Arirang កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
របាយការណ៍ប្រចាំឆ្នាំថ្មីៗនេះ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, គណៈកម្មការដាក់ទណ្ឌកម្មកូរ៉េខាងជើងបានបញ្ជាក់ថា របបកូរ៉េខាងជើងទទួលបានរាប់រយលានដុល្លារ តាមរយៈការនាំចេញទំនិញតាមផ្លូវទឹកដោយខុសច្បាប់ កាលពីឆ្នាំមុន ។ ទំនិញទាំងនោះ មានដូចជាធ្យូងថ្ម, ខ្សាច់ និងផលិតផលជលផលជាដើម ។
កូរ៉េខាងជើង កាលពីឆ្នាំកន្លងទៅនេះ ក៏បាននាំចូលលើសការកំណត់ផងដែរ តាមការប៉ាន់ប្រមាណពីបីទៅប្រាំបីដង នៃបរិមាណផលិតផលប្រេងចម្រាញ់ ដែលកំណត់ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ។
បើទោះបីប្រទេសនេះបានផ្អាកបាញ់សាកល្បងប្រព័ន្ធមីស៊ីលបាលិស្ទិកឆ្លងទ្វីប ចាប់តាំងពីចុងឆ្នាំ២០១៧ រហូតមកក៏ពិតមែន, ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍ ស្ថាបនាមូលដ្ឋានទាក់ទងអាវុធនុយក្លេអ៊ែរ និងបាញ់សាកល្បងមីស៊ីល ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិកដដែល ៕ ប្រែសម្រួលដោយ៖ thach yat